ភ្នំពេញ៖ ការបើកប្រាក់រម្លឹកប្រាក់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង និងប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំ២០២០ សម្រាប់គ្រប់វិស័យ ត្រូវបានពន្យាពេលក្នុងការអនុវត្តទៅឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០នេះ។
ដោយឡែកក្នុងអំឡុងពេល នៃការពន្យារការអនុវត្តនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវទូទាត់ប្រាក់រម្លឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន នៅពេលបញ្ចប់កិច្ចសន្យាការងារ របស់កម្មករនិយោជិត លើកលែងតែ ការបញ្ចប់កិច្ចសន្យារដោយកំហុសធ្ងន់របស់កម្មករនិយោជិត ឬកម្មករនិយោជិតលាឈប់ពីការងារ ដោយឯឯង។
សូមជម្រាបថា ការពន្យារពេលក្នុងការបើករំលឹកប្រាក់បំណាច់អតិតភពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំ២០២០ នេះធ្វើឡើងដោយយោងតាមចំណុចទី៧ នៃសេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជម្ងឺកូវីដ១៩៕ ដោយ៖ ប៊ុនធឿន