ខ្សែបម្រើស្លាបស្តាំ Sandro Tonali អាចផ្លាស់ទៅលេងឱ្យក្លិប Juventus ឬក៏ Inter នៅរដូវកាលក្រោយ បើទោះបីជាក្លិប PSG រួមទាំង Barcelona កំពុងចាប់អារម្មណ៍ក៏ដោយ។ នេះបើតាមការឱ្យដឹងពី លោក Massimo Cellino ម្ចាស់ក្លិបបាល់ទាត់ Brescia។
ត្បិតក្លិប Brescia កំពុងឈរលេខរៀងទី ២០ក្នុងតារាងពិន្ទុ Serie A ក៏ពិតមែន ប៉ុន្តែខ្សែបម្រើ Tonali នៅតែទទួលការចាប់អារម្មណ៍ចង់បានពីក្លិបធំៗជាច្រើន ដោយសារទម្រង់លេងល្អរបស់គេ។
ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ ហាក់មានបំណងចង់ចាកចេញពី ក្លិប Brescia នៅពេលខាងមុខដើម្បីមានឱកាសលេងក្នុងលីគកំពូល Serie A បន្តទៀត បន្ទាប់ពីក្លិបរបស់ខ្លួនកំពុងប្រឈមនឹងការកាត់ទៅលេងនៅលីគលំដាប់ទី ២ក្នុងប្រទេស អ៊ីតាលី រដូវកាលក្រោយ។
យ៉ាងណាក៏ដោយ លោក Cellino បានប្រាប់ព័ត៌មាន Corriere dello Sport ថា “លោក Nasser [Al-Khelaifi ប្រធានក្លិប PSG] គាត់បានទាក់ទងមកខ្ញុំថា ចង់ឲ្យ Tonali ទៅលេងនៅប៉ារីស។ ប៉ុន្តែ Tonali មិនចង់ទៅប្រទេសបារាំងទេ”។
Cellino បានបន្ថែមទៀតថា “Barca បានផ្តល់សំណើ ៦៥លានផោន បូករួមជាមួយកីឡាកររបស់ពួកគេពីរនាក់ទៀតផងដែរ សម្រាប់ប្តូរយក Tonali តែម្នាក់ ប៉ុន្តែអ្នកគាំទ្រកាតាឡាន់នឹងមិនទទួលបានដំណឹងល្អពីយើងឡើយ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore