អតីតអនុប្រធានាធិបតីអាមេរិក និងជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ២០២០ លោក Joe Biden បានប្រកាសថា លោកនឹងដោះស្រាយបញ្ហារើសអើងជាតិសាសន៍ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍សហគមន៍ជនជាតិស្បែកខ្មៅ នៅអាមេរិក។
នៅថ្ងៃទី១ ខែមិថុនា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យាជាមួយថ្នាក់ដឹកនាំ មានដើមកំណើតអាហ្វ្រិក នៅតាមបណ្តារដ្ឋ ក្នុងនោះមានរដ្ឋ Delaware ថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនោះ លោកនឹងដោះស្រាយបញ្ហាប្រកាន់ជាតិសាសន៍ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមជនជាតិស្បែកខ្មៅ។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ អាមេរិកមានដើមកំណើតអាហ្រ្វិក លោក Joe Biden បានអំពាវនាវដល់ពលរដ្ឋអាមេរិក មានដើមកំណើតស្បែកខ្មៅ បោះឆ្នោតគាំទ្រលោក ដើម្បីទទួលបានសំឡេងភាគច្រើនទាំង ក្នុងរដ្ឋសភា និងព្រឹទ្ធសភា ជាការងាយស្រួលបំផុត ដើម្បីសម្រេចគោលនយោបាយផ្សេងៗ។ ប្រសិនបើគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើន នៅក្នុងស្ថាប័នសំខាន់ទាំងពីរ ការអនុម័តច្បាប់ គឺជារឿងងាយស្រួលបំផុត។
លោក Biden បានបញ្ជាក់ទៀតថា «យើងគ្រប់គ្រងរដ្ឋសភា គឺមិនគ្រប់គ្រាន់នោះឡើយ គឺចាំបាច់ត្រូវតែគ្រប់គ្រងទាំងព្រឹទ្ធសភាទៀត ទើបជាការជោគជ័យ»។ លោក Biden នឹងថ្លែងសារស្តីពីគោលនយោបាយ អនាគត និងកំណត់ទិសដៅរបស់អាមេរិក នៅក្នុងពេលដ៏ខ្លីខាងមុខ៕ ប្រែសម្រួលដោយ៖ MEO