យោងតាម ទស្សនាវដ្តីសេដ្ឋកិច្ច Forbes ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កីឡាករតេន្នីស Roger Federer បានក្លាយជាអត្តពលិកដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតលើពិភពលោក។
ទស្សនាវដ្តីខាងលើ បានឱ្យដឹងថា អត្តពលិកសញ្ជាតិស្វីសរូបនេះ រកប្រាក់ចំណូលបាន១០៦,៣ លានដុល្លារ ក្នុងរយៈពេល១ឆ្នាំ។
កីឡាករវ័យ៣៨ឆ្នាំ រកចំណូលបានមកពីប្រភពធំៗចំនួន២ គឺ៖
ទី១-ប្រាក់ចំណូលបានមកពីដៃគូឧបត្ថម្ភផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានទំហំទឹកប្រាក់១០០លានដុល្លារ
ទី២-បានមកពីឈ្នះពានរង្វាន់ចំនួន៦,៣លានដុល្លារ។
កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់តេន្នីសធំៗ ចំនួន២០ដង បាននាំមុខកីឡាករបាល់ទាត់ Cristiano Ronaldo និង Lionel Messi ។
ចំណែកឯខ្សែប្រយុទ្ធ Cristiano Ronaldo ឈរលំដាប់លេខ២ ដែលរកប្រាក់ចំណូលបាន១០៥លានដុល្លារ ក្នុងមួយឆ្នាំ ខណៈប្រាក់ចំណូលរបស់ខ្សែប្រយុទ្ធរូបនេះបានមកពីដៃគូផ្សព្វផ្សាយពាណិជ្ជកម្មចំនួន៤៥លានដុល្លារ និងប្រាក់ឈ្នួលបូកប្រាក់ឈ្នះពានរង្វាន់៦០លានដុល្លារ។
ចំណែក Lionel Messi របស់ក្លឹប Barcelona ឈរលំដាប់លេខ៣ បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំ១០៤លានដុល្លារ។
Messi ទទួលប្រាក់ឈ្នួលពីដៃគូផ្សព្វផ្សាយពាណិជ្ជកម្មចំនួន៣២លានដុល្លារ ប្រាក់ឈ្នួល និងប្រាក់ឈ្នះពានរង្វាន់ចំនួន៧២លានដុល្លារ។
ដោយឡែកកំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar របស់ក្លឹប Paris SG ឈរលំដាប់លេខ៤ ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ៩៥.៥លានដុល្លារ។
Neymar ទទួលបានប្រាក់ចំណូលពីដៃគូផ្សព្វផ្សាយពាណិជ្ជកម្មចំនួន២៥លានដុល្លារ ប្រាក់ឈ្នួល និងប្រាក់ឈ្នះពានរង្វាន់ចំនួន៧០,៥លានដុល្លារ៕
ប្រភព៖ Sportbibble