ស្របពេលចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ី កាន់តែបន្ដកើនឡើងជាលំដាប់ ទើបធ្វើឲ្យប្រទេសមហាអំណាចមួយនេះ ត្រូវប្រឈមមុខនឹងកង្វះខាតសម្ភារពេទ្យជាច្រើន ផ្គត់ផ្គង់ដល់បុគ្គលិកពេទ្យ សម្រាប់ទប់ ស្កាត់នឹងមេរោគដ៏កំណាចនេះ។
លោក Viktor Fisenko អនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាលរុស្សី បានឲ្យដឹងថា បើតាមតួលេខដែលត្រួតពិនិត្យ បានបង្ហាញថា ប្រទេសរុស្ស៊ីមានការខ្វះខាតឧបករណ៍ការពារ និងសម្ភារពេទ្យ នៅក្នុងតំបន់ជាច្រើន។ ដូច្នេះបុគ្គលិកសុខាភិបាល អាចប្រឈមនឹងបញ្ហានេះខ្លាំង។
លោកអនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាលរុស្ស៊ី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ហើយនិងអាជ្ញាធរក្នុងតំបន់ នឹងជំរុញឲ្យទទួលបានជោគជ័យ នៅក្នុងការបង្កើននូវឧបករណ៍ ការពារឲ្យមាននៅក្នុងស្ដុក។
បើយោងតាមមជ្ឈមណ្ឌលប្រឆាំងនឹងវិបត្ដិកូវីដ១៩ បានឲ្យដឹងថា រុស្ស៊ីកំពុងតែប្រឈមនឹងកង្វះខាតសម្ភារជាច្រើន រួមមាន ឧបករណ៍ការពារ៩,២លាន ម៉ាស់ ១០៥,១លាន និងស្រោមដៃការពារ ២២៨,៦លានគូ។ ក្រៅពីនេះ រុស្ស៊ីក៏នៅមានការខ្វះខាតសម្ភារជាច្រើនទៀត ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ១៩នេះ។
បើគិតត្រឹមព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ៤១៤ ៨៧៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១៧៥ ៨៧៧នាក់ និងស្លាប់ ៤ ៨៥៥នាក់។ រុស្ស៊ីជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនលំដាប់លេខ៣ បន្ទាប់ពីអាមេរិក និងប្រេស៊ីល៕ ប្រែសម្រួលដោយ Nuon