Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជាប្រារព្ធទិវាបរិស្ថាននាសប្តាហ៍នេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ធនធានធម្មជាតិ

ភ្នំពេញៈ ប្រទេសកម្ពុជាប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកលើកទី ២៧ នៅថ្ងៃទី ៥ មិថុនា ឆ្នាំ ២០២០ ដើម្បីលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគុណភាពបរិស្ថាន។ ឯមន្ត្រីសង្គមស៊ីវិលអំពាវនាវឲ្យបញ្ឈប់ការលុបបឹង ក៏ដូចជាការ កាប់បំផ្លាញព្រៃឈើ។

ប្រធានបទរបស់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកគឺ «អភិរក្សជីវចម្រុះដើម្បីយើងទាំងអស់គ្នា»។ ដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក្រសួង បរិស្ថានរៀបចំយុទ្ធនាការផ្សព្វផ្សាយតាមអនឡាញដែលមានសិក្ខាសាលាតាមកម្មវិធី Zoom Meeting ការផលិតកិច្ចពិភាក្សា ការផ្សព្វផ្សាយឯកសារអប់រំ និងផ្ទាំងបដារូបភាពបរិស្ថាន និងការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ក្រសួងបរិស្ថានចាប់ផ្តើមផ្សព្វផ្សាយពីទិវាបរិស្ថានតាមអនឡាញចាប់ពីថ្ងៃទី ១ ដល់ទី ៥ ខែមិថុនា ដោយមានការសម្ភាសមន្ត្រីជំនាញបរិស្ថានអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងការពារជីវចម្រុះនៅកម្ពុជា។ ក្រសួងបរិស្ថានរំពឹងថា សារដែលនឹងត្រូវបញ្ចេញទៅនេះនឹងបានទៅដល់ដៃប្រជាពលរដ្ឋ ព្រោះពួកគេប្រើប្រាស់ហ្វេសប៊ុកច្រើនក្នុងការទទួលបានព័ត៌មាន។

លោកថ្លែងថា៖ «សារដែលយើងនឹងផ្សព្វផ្សាយនេះគឺជាសារមួយដែលបណ្តុះស្មារតីឱ្យប្រជាពលរដ្ឋ ស្រឡាញ់ជីវចម្រុះចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងសត្វព្រៃរបស់យើង។ ជាមួយគ្នានេះក៏សូមស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋបន្តចែករំលែកនូវសារអប់រំនានាដើម្បីជូនដល់ប្រជាពលរដ្ឋផ្សេងៗទៀតឱ្យបានជ្រួតជ្រាប ដើម្បីចូលរួមហើយចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។ ជាពិសេសគឺការបរបាញ់សត្វព្រៃ ហើយនិងការកាប់បំផ្លាញព្រៃឈើគឺយើងត្រូវចូលរួមទាំងអស់គ្នា»។

ហ្វេសប៊ុកក្រសួងបរិស្ថានកាលពីថ្ងៃចន្ទបញ្ជាក់ថា ការប្រារព្ធទិវានេះគឺ «សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព»។

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) បានបង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ២៩ ខែឧសភាថា អាហារដែលមនុស្សបរិភោគ ខ្យល់ដែលមនុស្សដកដង្ហើម ទឹកដែលមនុស្សទទួលទាន និងអាកាសធាតុដែលធ្វើឱ្យភពផែនដីមានបរិយាកាសសមស្របដែលមនុស្សអាចរស់នៅបានទាំងអស់សុទ្ធតែមកពីធម្មជាតិ។

UNDP សរសេរថា៖ «ប៉ុន្តែនេះគឺជាពេលវេលាមួយដែលធម្មជាតិកំពុងរំឭកយើងគឺថា ដើម្បីថែរក្សាខ្លួនយើង យើងចាំបាច់ត្រូវថែរក្សាធម្មជាតិផងដែរ។ នេះជាពេលវេលាដែលយើងត្រូវចាប់ផ្តើមសកម្មភាព ធ្វើការកត់សម្គាល់ និងបញ្ចេញមតិយោបល់ ហើយវាក៏ជាពេលវេលាដែលត្រូវធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងភពផែនដី។ ទិវាបរិស្ថានពិភពលោកគឺជាពេលវេលាសម្រាប់ធម្មជាតិ»។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សរសេរក្នុងហ្វេសប៊ុកលោកស្រីនៅថ្ងៃចន្ទថា ទឹកជាធនធានមួយចាំបាច់សម្រាប់ជីវិត មនុស្ស សត្វ រុក្ខជាតិជាដើម ហើយក៏ជាធនធានដ៏កម្រផងដែរ។

លោកស្រីបន្ថែមថា៖ «អាស្រ័យហេតុនេះយើងគួរចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទប់ស្កាត់ការបំផ្លាញ រួមទាំងការលុបបឹង ទន្លេ ស្ទឹងព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ សមុទ្រ…»។

លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើក៏បានសរសេរសារក្នុងហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទដែរថា៖ «អបអរទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ ២០២០។ សូមបញ្ឈប់ជាបន្ទាន់នូវការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ដោយប្រើរូបភាពជាដីសម្បទានសេដ្ឋកិច្ចជាលេស តែបែរជាលួចកាប់ព្រៃឈើដែលការការពារទៅវិញ។ ចូលរួមការពារព្រៃឈើទាំងអស់គ្នា»៕

from: https://tnaot.com/km/m/detail/article/9301448