លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា លោកកំពុងប្រុងប្រៀបដាក់ពង្រាយកម្លាំងទាហានប្រដាប់ដោយអាវុធធុនធ្ងន់រាប់រយនាក់ និងកងកម្លាំងអនុវត្តច្បាប់ផ្សេងទៀត ដើម្បីបញ្ឈប់អំពើហិង្សា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា លោកនឹងដាក់ពង្រាយយោធាដូចគ្នានេះ នៅតាមទីក្រុងដទៃផ្សេងទៀត បើសិនអភិបាលក្រុងទាំងអម្បាលម៉ាននោះ មិនអាចគ្រប់គ្រងបានស្ថានការណ៍ នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេបានទេនោះ ។
លោក ដូណាល់ ត្រាំ បានថ្លែងថា «អភិបាលក្រុងទាំងនោះ ត្រូវតែបង្កើតកងកម្លាំងអនុវត្តច្បាប់ឲ្យមានវត្តមាន រហូតទាល់តែអំពើហិង្សា ត្រូវបានទប់ស្កាត់បាន» ។ លោកបន្តថា «បើសិនអភិបាលក្រុងទាំងនោះ នៅតែមិនអាចចាត់វិធានការទប់ស្កាត់បាន មិនអាចការពារទ្រព្យសម្បត្តិរបស់ប្រជាជននោះ ខ្ញុំនឹងដាក់ពង្រាយយោធាអាមេរិក ដើម្បីឲ្យដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ» ។
គួរបញ្ជាក់ថា រលកបាតុកម្មប្រឆាំងតវ៉ាទាមទារយុត្តិធម៌ នៅអាមេរិក បានអូសបន្លាយពេលជាង១សប្តាហ៍មកហើយ គឺក្រោយពីជនជាតិស្បែកខ្មៅម្នាក់ ឈ្មោះ George Floyd អាយុ៤៦ឆ្នាំ ត្រូវប៉ូលិសស្បែកសយកជង្គង់សង្កត់ក រហូតដល់ថប់ដង្ហើមស្លាប់ នៅទីក្រុង Minneapolis ។
បុរសស្បែកខ្មៅរូបនេះ ត្រូវប៉ូលិសចាប់ខ្លួនដាក់ខ្នោះ ដោយសារតែចាយក្រដាស២០ដុល្លារក្លែងក្លាយ នៅក្នុងហាងលក់គ្រឿងទេសមួយកន្លែង ហើយត្រូវគេប្តឹងឲ្យចាប់ខ្លួន។
ការស្លាប់របស់បុរសស្បែកខ្មៅរូបនេះ បាននាំឲ្យមានរលកបាតុកម្មទ្រង់ទ្រាយធំទាំងយប់-ថ្ងៃ និងរាលដាលទៅដល់ទីក្រុងផ្សេងៗជាច្រើនទៀត នៅក្នុងទឹកដីអាមេរិក រហូតធ្វើឲ្យលោក ដូណាល់ ត្រាំក្ រពុលមុខជាខ្លាំង ។
បាតុកម្ម ពេលខ្លះបានផ្ទុះឡើងនូវអំពើហិង្សា រវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ ។ មានការដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម ។ ប៉ុន្តែមិនមានរបាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ បើទោះជាពេលខ្លះមានការប្រើប្រាស់អាវុធ ដូចជា ដំបង គ្រាប់បែកផ្សែង ឬឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលិសបំបែកក្រុមបាតុករក៏ដោយ៕ ប្រែសម្រួលដោយ៖ thach yat