ខេត្តភូកេតបើកដំណើរការផ្លូវគ្រប់ច្រកចូលនិងច្រកចេញទាំងតាមផ្លូវទឹកនិងផ្លូវគោកកាលពីថ្ងៃចន្ទ បន្ទាប់ពីការបន្ធូរបន្ថយច្បាប់រឹតបន្តឹងក្រោមបទបញ្ជាដែលបានចុះហត្ថលេខាដោយអភិបាលខេត្ត Pakapong Tawipat កាលពីថ្ងៃអាទិត្យ។
ស្ពានឆ្លងពីទន្លេ Tha Chat Chai ទៅដល់ Phangnga និងការចុះចតទូកទាំង ២៤ ត្រូវបានបើកឱ្យធ្វើចរាចរណ៍ឡើងវិញ។ អាកាសយានដ្ឋានភូកេតនៅតែបិទទ្វារចំពោះជើងហោះហើររបស់អ្នកដំណើរអន្តរជាតិ។ លោកPakapong បានមានប្រសាសន៍ថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៃខេត្តបានជូនដំណឹងទៅដល់អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អំពីការត្រៀមខ្លួនរបស់ខេត្តដើម្បីបើកព្រលានយន្តហោះឡើងវិញ។ ទោះយ៉ាងណា CAAT បានបន្ថែមការហាមឃាត់រាល់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសថៃរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ ចំណែកឯជើងហោះហើរក្នុងស្រុកអាចដំណើរការបានប៉ុន្តែមានចំនួនកំណត់ និងត្រូវគោរពតាមគោលការណ៍រក្សាគម្លាតសង្គមរបស់ក្រសួងសុខាភិបាល។
រូបតំណាង
លោកPakapongបានបន្ថែមថា ប្រជាជនអាចធ្វើដំណើរចេញពីភូកេតដោយដោយគ្មានការរឹតបន្តឹង។ ទោះយ៉ាងណាក៏ដោយអ្នកដែលចូលទឹកដីភូកេតតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ Tha Chat Chai តម្រូវឱ្យវាស់សីតុណ្ហភាពរបស់ពួកគេហើយទាញយកកម្មវិធី « Mor Chana »ដើម្បីឱ្យក្រុមការងារងាយស្រួលក្នុងការតាមដានមេរោគកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា ខេត្តភូកេតមានអ្នកឆ្លងមេរោគកូវីដ-១៩សរុបចំនួន ២២៧នាក់ ដែលក្នុងចំណោមនោះមាន ២២៣នាក់ បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយមានចំនួន ៣នាក់បានស្លាប់។ ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយ៍ Kongcheep Tantravanich បានមានប្រសាសន៍កាលពីថ្ងៃចន្ទថាអាជ្ញាធរកំពុងធ្វើការដើម្បីបង្កើនសុវត្ថិភាពនៃកន្លែងដាក់សម្ភាររបស់រដ្ឋក្នុងកន្លែងដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកមកពីបរទេស។
រូបតំណាង
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ (CCSA) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា(CCSA) ចង់ធ្វើឱ្យប្រាកដថាប្រជាជនថៃទាំងអស់នៅក្រៅប្រទេសដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញអាចមកបានរហូតដល់ចុងខែនេះ។ គិតមកត្រឹមថ្ងៃទី៣១ ខែឧសភា មានមនុស្សសរុបចំនួន ៣០០១៩ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយក្នុងនោះមានអ្នកជំងឺចំនួន ១៤៥នាក់ត្រូវបានរកឃើញថាបានឆ្លងវីរុសកូវីដ-១៩។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post