ខ្សែបម្រើ Philippe Coutinho មានបំណងចង់ត្រឡប់ទៅប្រកបអាជីពនៅចក្រភពអង់គ្លេសសារជាថ្មីម្តងទៀតក្នុង ក្របខណ្ឌ Premier League ក្រោយចាកចេញពីទីនេះអស់រយៈពេលពីររដូវកាលកន្លងទៅ។ នេះបើតាមការឱ្យដឹងពី លោក Kia Joorabchian ភ្នាក់ងាររបស់គាត់។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានចាកចេញពី ក្លិប Liverpool ទៅចូលរួមជាមួយ ក្លិប Barcelona កាលពីឆ្នាំ២០១៨ ក្នុងតម្លៃខ្លួនផ្ទេរចំនួន ១៤៥លានផោន។ ក្រោយផ្លាស់ទៅលេងនៅអេស្ប៉ាញ Philippe បង្ហាញខ្លួនឱ្យ Barca បានចំនួន ៤១ប្រកួត និងទាត់បញ្ចូល ២២គ្រាប់ សម្រាប់រដូវកាលដំបូងរបស់ខ្លួន។
នៅរដូវកាល ១៩/២០ ក្លិប Barca បានដាក់ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះឱ្យទៅ ក្លិប Bayern Munich ខ្ចីជើងមួយរដូវកាល។ អាជីពរបស់គេនៅទឹកដីអាល្លឺម៉ង់ ហាក់មិនសូវជោគជ័យទេ ក្រោយខ្លួនមានបញ្ហារបួស ម្ល៉ោះហើយទើបធ្វើឱ្យ Philippe មានកូនចិត្តចង់ត្រឡប់ទៅរកទ្រនំចាស់វិញនៅរដូវក្តៅខាងមុខ។
ត្បិត Philippe មានបញ្ហារបួសមិនទាន់ជាសះស្បើយក៏ពិតមែន ប៉ុន្តែមានក្លិបនៅ Premier League ជាច្រើនកំពុងចាប់អារម្មណ៍ចង់បានយកទៅលេងក្នុងរដូវក្តៅ។ មានសេចក្តីរាយការណ៍ថា ក្លិប Tottenham Hotspur, Arsenal និង Newcastle សុទ្ធតែចង់ចុះហត្ថលេខាលើរូបគេនៅទីផ្សារកីឡាបើកទ្វារនាពេលខាងមុខ។
យ៉ាងណាមិញ កុងត្រារបស់ Philippe ជាមួយនឹងក្លិប Barca នៅសល់ប្រហែលពីរឆ្នាំជាងទៀតឯណោះ ខណៈពេលដែលក្លិបបានដាក់តម្លៃលក់ខ្សែបម្រើរូបនេះនៅក្នុងទីផ្សាររដូវក្តៅរួចទៅហើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore