រឿងរ៉ាវជីវិតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនសូវមានអ្នកដឹងឡើយ។ វាក៏ជាមូលហេតុដែលធ្វើឲ្យភរិយារបស់លោក ក្លាយជាមនុស្សដ៏អាថ៌កំបាំងម្នាក់ផងដែរ។ នាងកម្របង្ហាញខ្លួនជាសាធារណៈណាស់ ហើយឈ្មោះរបស់នាង Ri Sol-Ju ក៏កម្រមានលើបណ្ដាញព័ត៌មានដែរ។ មិនតែប៉ុណ្ណោះ សូម្បីតែអាយុពិតរបស់នាង ក៏មិនត្រូវបានគេដឹងដែរ។ ទោះបីជាយ៉ាងណា ការពិតខ្លះៗពីជីវប្រវត្តិរបស់នារីអាថ៌កំបាំងរូបនេះ នៅតែអាចរកឃើញ។ខាងក្រោមនេះគឺជាការពិតទាំង ៦ អំពីភរិយាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន៖
១ Ri Sol-Ju គឺជាកូនស្រីរបស់បញ្ញវន្តកូរ៉េ
នាងបានកើតនៅកំពង់ផែទីក្រុង Chongjin នៅក្នុងគ្រួសារគ្រូបង្រៀន និង វេជ្ជបណ្ឌិត។ ឆ្នាំកំណើតរបស់នាងគឺរវាងឆ្នាំ ១៩៨៥ និង ១៩៨៩ ដែលមានន័យថា នាងអាចមានអាយុចន្លោះពី ២៨ ទៅ ៣៣ ឆ្នាំ។
២ នាងធ្លាប់ធ្វើជាអ្នករាំលើកទឹកចិត្តកាលនៅយុវវ័យ
មុនពេលរៀបការជាមួយ លោក គីម ជុងអ៊ុន នាងបានរៀននៅសកលវិទ្យាល័យធំបំផុតនៅកូរ៉េខាងជើង Kim Il Sung University ស្ថិតក្នុងទីក្រុង Pyongyang។ នៅឆ្នាំ ២០០៥ នាងបានធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ជាសមាជិកនៃក្រុមអ្នករាំគាំទ្រ នៅឯព្រឹត្តិការណ៍ Asian Athletics Championships។
៣ នាងធ្លាប់ធ្វើជាអ្នកចម្រៀង
នាងពេញចិត្តផ្នែកចម្រៀង ហើយបានរៀនច្រៀងនៅក្នុងប្រទេសចិនមួយរយៈ មុនពេលលោក គីម ជុងអ៊ុន ឃើញនាងច្រៀងក្នុងអំឡុងពេលសម្ដែង នៅក្នុងក្រុមតន្ត្រី Unhasu Orchestra។
៤ នាងមានកូន ៣ នាក់
ប្រព័ន្ធផ្សព្វផ្សាយជឿជាក់ថា នាងបានផ្តល់កំណើតដល់កូនស្រី ២ នាក់ (ប្រហែលក្នុងឆ្នាំ ២០១០ និង ២០១៣) និង កូនប្រុសម្នាក់ (ក្នុងខែកុម្ភៈ ឆ្នាំ ២០១៧)។ យោងតាមការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ការផ្តល់កំណើតកូនទី ៣ មិនមែនជាអ្វីដែលនាងចង់បាននោះទេ ប៉ុន្តែវាជាបញ្ជា ព្រោះប្រទេសផ្ដាច់ការមួយនេះត្រូវការអ្នកស្នងតំណែង។
៥ នាងជាអ្នកបះបោរ
នាងបានក្លាយជានារីដំបូងគេនៅក្នុងប្រទេសកូរ៉េខាងជើង ដែលបានផ្លាស់ប្ដូររចនាប័ទ្មនៃស្ទីលម៉ូដសក់ និង កាត់សក់ខ្លី។ អតីតភរិយាទាំងអស់របស់ប្រមុខរដ្ឋ តែងតែមានសក់វែងគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ នាងជាអ្នកចូលចិត្តម៉ូដពីបរទេស ហើយធ្លាប់ត្រូវបានគេប្រទះឃើញ កាន់កាបូបថ្លៃៗដូចជាម៉ាក Dior និង Chanel ជាដើម។
៦ នាងបានបញ្ចុះបញ្ចូលស្វាមី ឲ្យផ្តល់សេរីភាពបន្ថែមដល់ស្រ្តីកូរ៉េ
ថ្វីបើស្វាមីមានសិទ្ធិ និងអំណាច ប៉ុន្តែនាងអាចធ្វើឲ្យស្វាមីមានភាពទន់ភ្លន់។ លោក គីម ជុងអ៊ុន បានអនុញ្ញាតឲ្យស្រ្តីកូរ៉េខាងជើង ស្លៀកខោជើងវែង , ខោខោវប៊យ និង ខោខ្មៅរឹបរាង ក៏ដូចជា ពាក់ស្បែកជើងកែង និង ជិះកង់ ផងដែរ៕