យុវជនស្គីក្តារកម្ពុជា អឹង សុភបញ្ញា ថ្លែងប្រាប់ PNN SPORTS នាឱកាសចូលហ្វឹកហាត់ឡើងវិញលើកដំបូង កាលល្ងាចថ្ងៃទី ២៧ ខែឧសភានេះ ថា រូបគេ នៅមានចំណុចខ្វះខាតច្រើន ក្រោយពីបានចូលរួមតេស្តសមត្ថភាព តាមវីដេអូអនឡាញជាមួយកីឡាករនៅទូទាំងទ្វីបអាស៊ី និងតំបន់អាស៊ាន ។
កីឡាករស្គីក្តារវ័យ១៧ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ចំណុចខ្លះដែលនៅពុំទាន់ធ្វើបានដូចគេ មានដូចជា ការសម្តែងក្បាច់ពិសេសៗ និងការប្រើ គំនិតច្នៃប្រឌិតជាដើម។ សុភបញ្ញាក៏បានបានតាំងចិត្តថា នឹងប្រឹងខិតខំបន្ថែមទៀត ដើម្បីអនាគតអាចក្លាយជាកីឡាករល្អមួយរូបផងដែរ។
ប្រធានសហព័ន្ធកីឡាស្គីក្តារ និងស្គីកង់កម្ពុជា លោក កុសល ពិសី បានអះអាង ថាការចូលរួមលើកនេះ កីឡាករស្គីក្តារបស់កម្ពុជា៤រូប ទទួលបានឱកាសដ៏ប្រសើរមួយ ។ ឱកាសប្រសើរនោះ គឺពួកគេអាចវាស់ស្ទង់សមត្ថភាពជាមួយកីឡាករមកពីបណ្តាប្រទេសនៅតំបន់អាស៊ាន ដែលជាគោលដៅចម្បងមួយ សម្រាប់ស៊ីហ្គេម ជំនួសឱ្យកម្មវិធិ ជើងឯកអាស៊ី ដែលត្រូវបាលុបចោល។ គួរបញ្ចាក់ការថា ការប្រកួតតេស្តសមត្ថភាពតាមវីដេអូអនឡាញនេះ រៀបចំឡើងដោយសហព័ន្ធកីឡាស្គីក្តារអាស៊ី។ ការប្រកួតនេះ តម្រូវឱ្យកីឡាករ កីឡាការិនីទាំងអស់ មកពីទ្វីបអាស៊ី ត្រូវបញ្ជូនវីដេអូររបស់ខ្លួនអោយគេ រយៈពេល១នាទី ដោយត្រូវបង្ហាញ៥ក្បាច់ រួមនឹងគំនិតឆ្នៃប្រឌិត លើការបញ្ជាស្គីក្តាររបស់ខ្លួន៕