Sony Xperia 1 II មានបំពាក់មកជាមួយនូវថ្មទំហំ ៤០០០ mAh ដែលទ្រាំទ្រការសាកថ្មល្បឿនលឿន កម្លាំង ២១វ៉ាត់។ វាក៏មាននូវមុខងារមួយឈ្មោះថា “H.S. Power Control” ដែលវាជាផ្នែកមួយនៃ “Game Enhancer” ជាមុខងារដែលអាចជួយរក្សាអាយុកាលរបស់ថ្មបានយូរអង្វែង សម្រាប់អ្នកចូលចិត្តលេងហ្គេម។
នៅពេលដំណើរការមុខងារ H.S. Power Control នេះ ស្មាតហ្វូននឹងប្រើប្រាស់ថាមពលដែលបានពីឆ្នាំងសាកដោយផ្ទាល់ដើម្បីដំណើរការ ដោយវាមិនប្រើប្រាស់ថាមពលថ្មទូរសព្ទ ហើយថ្មក៏មិនសាកភ្លើងដែរ (មិនឡើង %)។
មុខងារនេះអាចមានប្រយោជន៍សម្រាប់ការលេងហ្គេមកម្លាំងខ្លាំងរយៈពេលយូរ និងសម្រាប់អ្នកចូលចិត្តលេងហ្គេមបណ្ដើរដោតឆ្នាំងសាកបណ្ដើរ ដោយការលេងប្រភេទនេះអាចធ្វើឲ្យទូរសព្ទឡើងកម្លាំងខ្លាំង និងប្រើថាមពលថ្មច្រើនទៀត។ កម្ដៅក្ដៅគឺមិនល្អសម្រាប់សុខភាពថ្មនោះឡើយ ដែលអាចឲ្យថ្មទូរសព្ទងាយនឹងបាត់បង់សមត្ថភាពផ្ទុករបស់វា។ ដូចនេះជាមួយមុខងារ H.S. Power Control អ្នកចូលចិត្តលេងហ្គេមនឹងលែងបារម្ភលើបញ្ហាឆាប់ខូចថ្ម៕