
ទស្សនិកជនជាច្រើនប្រហែលជាធ្លាប់បានទស្សនា និងបានគាំទ្រជាខ្លាំងជាមួយនឹងខ្សែភាពយន្តល្បីៗ ដែលបកប្រែពីប្រទេសក្រៅ ដូចជារឿងភាគថៃ រឿងភាគចិន រឿងភាគកូរ៉េ និងតុក្កតាបរទេសជាដើម។ ទន្ទឹមនឹងនោះ ភាពយន្តទាំងនោះបានយកមកបកប្រែ និងបញ្ចូលសំឡេងជាភាសាខ្មែរបានយ៉ាងល្អ ជាមួយនឹងអ្នកបញ្ចូលសំឡេងពីរោះៗពូកែៗ ប៉ុន្តែអ្នកបញ្ចូលសំឡេងភាគច្រើនមិនងាយនឹងបញ្ចេញឈ្មោះ និងបញ្ចេញមុខមាត់ឲ្យទស្សនិកជនបានឃើញនោះទេ។ដោយឡែកថ្មីៗនេះ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញកម្មវិធី «ពេញចិត្តឬអត់ថ្ងៃអាទិត្យ» បានអញ្ជើញអ្នកបញ្ចូលសំឡេងតួអង្គក្នុងរឿងភាគបរទេសល្បីៗ៦នាក់ធ្វើជាបេក្ខជន ដើម្បីឲ្យតារាកិត្តិយស កញ្ញា មាស សុខសោភា ជ្រើសរើស។ ដោយក្នុងនោះ ពិតជាពិសេសណាស់ អ្នកបញ្ចូលសំឡេងទាំងនោះ គឺសុទ្ធសឹងតែជាអ្នកបញ្ចូលសំឡេងតួអង្គក្នុងរឿងភាគល្បីៗដែលទស្សនិកជននិយមទស្សនាគ្រប់ៗគ្នាដូចជា រឿងការ៉ាកេត រឿងសានឆាយ រឿងសង្សារខ្ញុំជាមនុស្សភពផ្កាយ រឿងតុក្កតាឈីងចាំង និងរឿងស៊ុនអូខុង។
យ៉ាងណាមិញ អ្នកបញ្ចូលសំឡេងតួអង្គក្នុងរឿងល្បីៗទាំងនេះ មើលទៅមានវ័យចំណាស់ដែរហើយ ប៉ុន្តែបើនិយាយពីសំឡេងវិញគឺសុទ្ធតែពីរោះៗ និងមានសំឡេងច្រើនប្រភេទ ដែលមានទាំងសំឡេងតួឯកផងដែរ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។