ការឆ្លងរាលដាលពីវីរុសកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនទាន់ថយចុះមែនទែននោះទេ ។ ជាក់ស្តែងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ គេបានរកឃើញករណីថ្មីសរុប៣៥នាក់ ខណៈដែលអ្នកបាត់បង់ជីវិតថ្មីថែម១នាក់ទៀត ។
ប្រភពព័ត៌មានរបស់បណ្តាញទូរទស្សន៍ Arirang បានផ្សាយថា ក្នុងចំណោម៣៥ករណីនោះ, ៣០នាក់គឺការឆ្លងនៅក្នុងសហគមន៍ រួមមាន ១៨ករណីឆ្លងនៅទីក្រុងអ៊ីនឈុន (Incheon)… និង១១ករណីរកឃើញនៅក្នុងខេត្ត Gyeonggido ។ ចំណែក៥ករណី នាំមកពីប្រភពខាងក្រៅ ។
ប្រទេសនេះ មានឆ្លងសរុបកើនដល់ ១១ ៥០៣ នាក់ ។ ចំណែកករណីស្លាប់ថ្មីថែមមួយនាក់ទៀត ធ្វើឲ្យអ្នកស្លាប់សរុបកើនដល់ ២៧១ នាក់ ។
ពលរដ្ឋនៅកូរ៉េខាងត្បូងឆ្លងកាត់ការធ្វើតេស្តជាង២៤ពាន់នាក់ ។ អ្នកជំងឺបន្ថែម១៧នាក់បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ ។ អ្នកដែលជាសះស្បើយពីជំងឺកូរីដ១៩នៅក្នុងប្រទេសនេះ សរុប ១០ ៤២២ នាក់ ។
ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះទៅ ទីតាំងដែលប្រឈមការឆ្លងរាតត្បាតពីកូវីដ១៩បំផុត ដូចជា នៅតាមក្លឹបរាត្រី, បន្ទប់ចម្រៀង ជាដើមនោះ តម្រូវឲ្យប្រើប្រាស់កូដ QR សម្រាប់ស្កែនភ្ញៀវដែលចេញ-ចូលទីនោះ ជាផ្នែកមួយតាមដាន ក៏ដូចគ្រប់គ្រងជំងឺកូវីដ១៩ ។
គួរលើកមកជម្រាបជូនថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ នៅជុំវិញពិភពលោក បានកើនជាង ៦,២ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៣៧៤ ១៥៨ នាក់ ។ ប៉ុន្តែអ្នកជំងឺជាង ២,៨ លាននាក់បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat