(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងអាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញពិនិត្យលទ្ធផលដំបូង នៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។
សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិកងកេង នៃខេត្តព្រះសីហនុ ឆ្ពោះមកកាន់សមុទ្ររាម ដោយឆ្លងកាត់ឆ្នេរសមុទ្រ និងជ្រលងភ្នំជាច្រើនកន្លែង និងបន្តមកឆ្នេរអូត្រេស ឆ្នេរអូឈើទាល ដែលជាផ្លូវក្រវាត់ក្រុងនៃក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ ដែលពេលនេះបានសម្រេច ការសាងសង់បានប្រមាណ៩៤%ហើយ។
ផ្លូវទាំង៣៤ខ្សែដែលកំពុងសាងសង់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាង ដែលជាផ្លូវប្រកបដោយប្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
រាជរដ្ឋាភិបាលបានកំណត់ផែន ក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។
បើតាមរបាយការណ៍របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការស្ថាបនាផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុនេះ បានដំណើការទៅតាមផែនការដោយរលូន ទទួលបានការចូលរួមសហការយ៉ាងល្អ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមហ៊ុន និងអង្គភាពទទួលការងារស្ថាបនាផ្លូវ ដោយគោរពទៅតាមប្លង់សុរិយោដី ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងបង្គុំ និងបទដ្ឋានបច្ចេកទេសផ្លូវ ដែលសិក្សាដោយក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីធានាបានទាំងគុណភាព និងសោភ័ណភាព។
អភិបាលខេត្តព្រះសីហនុបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី រហូតមកដល់បច្ចុប្បន្ន ការងារស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ សម្រេចបានប្រមាណ ៩៤% ដោយមិនគិតបញ្ចូលការងារអ៊ុត កៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងស្តុបចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ និងការរៀបកម្រាលថ្មក្រានីត។ ចំពោះការងារចាក់បេតុង និងដាក់លូគ្រោងនឹងបញ្ចប់នៅដើម ខែមិថុនា ឆ្នាំ២០២០»។
ក្រុមការងារបច្ចេកទេសបាន និងកំពុងបន្តជំរុញការងាររៀបកម្រាលថ្មក្រានីត សម្រាប់ផ្លូវថ្មើរជើង ចំនួន ៨៦២,២៥៤ម៉ែត្រក្រឡា ខឿនក្រានីតទ្រូងផ្លូវប្រវែង ២០៨,១៦៥ម៉ែត្រកម្រាល សម្រាប់ជនមានពិការភាពចំនួន ២៨,១៦២ម៉ែត្រក្រឡា បំពាក់កាមេរ៉ា សុវត្ថិភាពចំនួន ៥៣៣គ្រឿង ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៤,៨៤៥បង្គោល បំពាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត (Smart Streetlight Heads) របស់ក្រុមហ៊ុន មីនេបៀ (Minebea) ចំនួន ៥,៥០០អំពូល និងចម្លាក់បដិមាសម្រាប់រង្វង់មូលចំនួន ៣ទីតាំង គឺរង្វង់មូលព្រះសិវៈ នាងឧមាវតី ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីរាម និងមហាវិថីឆ្នេររាម រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីជំទាវ ម៉ៅ និងមហាវិថីឆ្នេររាម និងរង្វង់មូលសីហរាជមុខបី ស្ថិតនៅចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ៤ និងវិថីជោតញ្ញាណ។
* ការកែលម្អឆ្នេរ៖ ទន្ទឹមនឹងការស្ថាបនាផ្លូវ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុរៀបចំចាត់ចែងកែលម្អ សម្ពោតឆ្នេរសមុទ្រ ដោយចាក់បំពេញ ខ្សាច់ស សម្រាប់សាធារណជន និងភ្ញៀវទេសចរចេញ-ចូលកម្សាន្តជាសាធារណៈ បានប្រវែង៩,៣២០ម៉ែត្រ ពីពយតាមូងដល់ពយជំទាវម៉ៅ និងបន្តរៀបចំកែលម្អឆ្នេរពីចំណុចពីពយជំទាវម៉ៅឆ្ពោះទៅររាម ដោយមិនអនុញ្ញាតឱ្យមានការកាន់កាប់ឆ្នេរសាធារណៈជាលក្ខណៈឯកជន នាំឱ្យបាត់បង់សោភ័ណភាពឆ្នេរសមុទ្រ និងបានរៀបចំខ្ចុសតាមគំរូបានចំនួន ៤៣ខ្ចុស។
* គម្រោងដាំដើមផ្កា និងដើមឈើលម្អ៖ នៅតាមដងមហាវិថី និងវិថីទាំង៣៤ ខ្សែ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គ្រោងនឹងដាំដើមផ្កាក្រដាស ចំនួន ៦០,២០០គុម្ព នៅតាមមេដ្យានទ្រូងមហាវិថីទាំង៣ និងដើមឈើចំនួន ៨ ប្រភេទស្មើនឹង ១៥,៦៥០ដើមនៅសងខាង ផ្លូវរួមមាន ៖ ១.ដើមរាជព្រឹក្ស ចំនួន ៣,៣៨០ដើម ២.ដើមផ្កាចា ចំនួន ៣,៧៦៥ដើម ៣.ដើមនាងនួន ចំនួន២,៩៤០ដើម ៤.ដើមធ្នង់ ចំនួន ១,៧៣០ដើម ៥.ដើមឥន្ទនេល ចំនួន ១,៩២៥ដើម ៦.ដើមក្ងោក ចំនួន ៨៨០ដើម ៧.ដើមបូព្រឹក្ស ចំនួន ៦៥០ដើម ៨.ដើមរំដួល ចំនួន ៣៨០ដើម។
* ការរៀបចំអាងប្រព្រឹត្តិកម្ម និងការសាងសង់ស្ថានីយបូមទឹកកខ្វក់៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចាត់វិធានការបឋមរៀបចំស្ថានីយបូមទឹកកខ្វក់ ចំនួន ៤ទីតាំង និងបានបំពាក់ម៉ូទ័របូមផលិតនៅប្រទេសជប៉ុនម៉ាក EBARA មុខកាត់២៥០/ចេញ៣០០មីលីម៉ែត្រ សរុបចំនួន១០គ្រឿង ដើម្បីបូមបង្វែរ ទឹកកខ្វក់កុំឱ្យហូរចូលទៅក្នុងសមុទ្រ។ ដើម្បីធានានិរន្តរភាពរយៈពេលវែង គ.អ.ឆ.ក បាននិងកំពុង រៀបចំស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ចេញពីស្ថានីយបូមទឹកកខ្វក់ ចំនួន ២ទីតាំង គឺស្ថានីយបូមទឹកកខ្វក់ទី១ ដែលមានសមត្ថភាពធ្វើ ប្រព្រឹត្តិកម្មទឹក ៥,២០០ម៉ែត្រគូប/ថ្ងៃ និងស្ថានីយទឹកកខ្វក់ទី២ ដែលមានសមត្ថភាពធ្វើប្រព្រឹត្តិកម្មទឹក ៧,២០០ ម៉ែត្រគូប/ថ្ងៃ។
ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដំណើរការស្ថាបនាផ្លូវ ១៤៦បេ កំណាត់ផ្លូវជាតិលេខ៤ ផ្លូវក្រុង ៧ខ្សែ និងផ្លូវលេខ២០០ ផ្លូវលេខ១០៤ សរុបប្រវែង ៥៩,១៦២ម៉ែត្រ និងការស្តារអូរឈើទាល និងខ្នែងប្រវែង ១៦,៤៦០ម៉ែត្រ សម្រេចបាន ៧០.៨៨ % និងស្តារអូរធម្មជាតិ៥ខ្សែ ប្រវែង ១១,០៨៧ម៉ែត្រ សម្រេចបាន៦៥.៦៣% ដោយប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ ចំនួន ១០០លានដុល្លារ។
លោក គួច ចំរើន បានឲ្យដឹងថា ប្រជាពលរដ្ឋមានសេចក្ដីត្រេកអរ ដោយទទួលបាននូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតសម្រាប់កម្សាន្ត និងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ដែលជាខ្សែផ្លូវមេយុទ្ធសាស្ត្រ នៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ ដឹកជញ្ជូន សេដ្ឋកិច្ច ធុរៈកិច្ច និងទេសចរណ៍ នៃខេត្តព្រះសីហនុ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងដាក់ឱ្យអនុវត្តដោយផ្ទាល់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុ។
ការស្ថាបនាផ្លូវនេះ ពិតជាបានចូលរួមចំណែកដ៏ធំធេង ក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងផែនការ រៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍ ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌល ភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការធ្វើសមាហរណកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា។
លោក គួច ចំរើន បន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទូទាំងខេត្តព្រះសីហនុ លោក គួច ចំរើន សូមគោរពដឹងគុណប្រកបដោយក្ដីកត្តញ្ញូតាធម៌ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដកថវិកាចំនួន ១០០លានដុល្លារពីថវិកា សន្សំរបស់ជាតិ និងគោលការណ៍ ស្លឹកត្នោត ខ្ចប់ស្ករត្នោត ដើម្បីជួយអភិវឌ្ឍខេត្តព្រះសីហនុ៕