ភ្នំពេញ៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌទួលគោក បានបញ្ជូនស្ត្រីសង្ស័យ ម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយដើមបណ្តឹងដែលជាជនរងគ្រោះ ប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនរឿងបោកលុយទិញដីបង់រម្លស់។ ហេតុការណ៍នេះកើតឡើងនៅ ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
លោក ខាត់ ខុនទិត្យ នាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍បឹងកក់២ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយសារតែសង្ស័យបានយកលុយជនរងគ្រោះទៅទិញដីឡូត៍ឲ្យជនរងគ្រោះ តែយកទៅចាយវាយអស់លុយហើយគេចខ្លួនបាត់។
លោក ខាត់ ខុនទិត្យ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២រសៀល កម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ឃាត់ខ្លួនជនសង្ស័យនៅចំណុចតូបលក់បបរផ្លូវលេខ៣១៧ ក្រុមទី២៦ ភូមិ៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សួន មករា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគក់ជេរទិញ-លក់ដីឡូត៍ ស្នាក់នៅផ្ទះជួល (ប្លុកវីឡា៥៦) ផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ឈួ ទូច ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បបរស្នាក់នៅផ្ទះ ប្លុកវីឡា៥៦ ផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានដកហូតភស្តុតាងរួមមាន៖ វិក័យប័ត្រវ៉ីងវេរលុយចំនួន ៣សន្លឹក, វិក័យប័ត្រទ្រូម៉ាន់នី ចំនួន០៤សន្លឹក, វិក័យប័ត្ររបស់ជនរងគ្រោះវេរលុយទៅឲ្យជនសង្ស័យឈ្មោះសួន មករា សំរាប់បង់ប្រាក់ជាដំណាក់កាលឲ្យក្រុមហ៊ុនលក់ដីឡូត៍ (ទទួលពីឈ្មោះ ឈួ ទូច)។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការតាមនីតិវិធីច្បាប់៕ ដោយ៖ ផេងភាព