ក្រោយពេលប៉ូលិសប្រើហិង្សា បណ្ដាលឲ្យបុរសស្បែកខ្មៅស្លាប់នោះមក បង្កឲ្យពលរដ្ឋអាមេរិកស្បែកខ្មៅ បានផ្ទុះកំហឹងឡើង នាំគ្នាធ្វើបាតុកម្ម ហើយបាតុកម្មនេះបានប្រែក្លាយទៅជាកុបកម្ម ទើបប៉ូលិសបង្ក្រាប ដោយប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ នៅជិតសេតវិមាន កាលពីថ្ងៃទី៣១ ខែឧសភា។
យោងតាមសារព័ត៌មានរុស្ស៊ី Tass បានផ្សាយថា បាតុកម្ម នៅជិតសេតវិមាន កាលពីម្សិលមិញ (ថ្ងៃទី៣១ ខែឧសភា) បានក្លាយជាកុបកម្ម។ ក្រុមបាតុករបានចោលដបទឹកសុទ្ធទៅលើប៉ូលិស ទើបប៉ូលិសក៏បានស្ព្រាយម្ទេស និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ។
ប្រភពព័ត៌ដដែល បានបន្ដថា ក្រុមបាតុករ បានដើរពាសពេញទីក្រុង ដោយសរសេរលើបដាពី ឈ្មោះ George Floyd ជាបុរសអាមេរិក ដើមកំណើតអាហ្វិ្រក បានស្លាប់ដោយសារប៉ូលិសសង្កត់ក ទាំងដៃជាប់ខ្នោះ។ ក្រុមបាតុករបានអំពាវនាវឲ្យបញ្ឈប់ការរើសអើងប្រឆាំងជាតិសាសន៍ និងបញ្ឈប់ការប្រើអំពើឃោរឃៅទៅលើជនជាតិស្បែកខ្មៅ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយថា ការធ្វើបាតុកម្ម ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះ ក៏មានការចាប់ខ្លួនអ្នកពាក់ព័ន្ធ ជិត១៧០០នាក់ផងដែរ។
ស្ថិតក្នុងស្ថានការណ៍បែបនេះ លោក Muriel Bowser អភិបាលក្រុងវ៉ាស៊ីនតោនឌីស៊ី បានប្រកាសបម្រាមគោចរ ចាប់ពីម៉ោង២៣ ថ្ងៃទី៣១ ខែឧសភា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែមិថុនា(ម៉ោងនៅអាមេរិក)។ នេះជាវិធានាការ សម្រាប់ទប់ស្កាត់នូវភាពចលាចល ជុំវិញបាតុកម្មទាមទារយុត្ដិធម៌ជូនដល់ការស្លាប់របស់បុរសស្បែកខ្មៅ ឈ្មោះ Floyd ។ រីឯកងកម្លាំងសន្ដិសុខជាតិ ក៏ត្រូវបានដាក់ពង្រាយ ការពារឲ្យមានសុវត្ថិភាពផងដែរ។
ការធ្វើបាតុកម្មដ៏ធំ បានផ្ទុះឡើង នៅរដ្ឋ Minnesota និងរដ្ឋផ្សេងៗទៀត នៅក្នុងសហរដ្ឋអាមេរិក ក្រោយលេចធ្លាយវីដេអូ តាមអនឡាញ ពីសកម្មភាពរបស់ប៉ូលិសទៅលើ Floyd កាលពីថ្ងៃទី២៥ ខែឧសភា រហូតមកដល់ពេលនេះ បាតុកម្មជុំវិញករណីខាងលើនេះ បានរាលដាលទៅដល់អឺរ៉ុបផងដែរ៕ ប្រែសម្រួលដោយ Nuon