ភ្នំពេញ៖ ក្រឡេកទៅមើលស្ថានភាពរាតត្បាតកូវីដ ១៩ ជុំវិញពិភពលោក នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយបណ្តាប្រជាជាតិនៅអាមេរិកឡាទីន កំពុងធ្លាក់ផុងជ្រៅក្នុងវិបត្តិនេះ ជាក់ស្តែងប្រេស៊ីល បានក្លាយជាប្រទេសឆ្លងច្រើនបំផុតទី២ និងស្លាប់ច្រើនបំផុតទី៤ លើពិភពលោក។
បើក្រឡេកមកមើលស្ថានភាពក្នុងតំបន់អាស៊ានឯណេះវិញ ស្ថានភាពរាតត្បាតហាក់មើលទៅស្ងប់ស្ងាត់បន្តិច ប៉ុន្តែមិនមែនគ្មានករណីថ្មីនោះដែរ គ្រាន់តែភាគច្រើន គឺឆ្លងតាមរយៈការនាំចូល។
បើធៀបបណ្តាប្រជាជាតិអាស៊ានទាំងអស់ ចាប់ផ្តើមពីផ្ទុះរាតត្បាតជំងឺកូវីដ ១៩ មក កម្ពុជាដែលជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍ ប៉ុន្តែបែរជាត្រូវទទួលស្គាល់ពាសពេញពិភពលោក ជាខ្លាំងមួយទាំងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដក្នុងតំបន់។
យោងតាមរបាយការណ៍ពី Worldometers.info ដែលជាភ្នាក់ងារបុត្រសម្ព័ន្ធរបស់ភ្នាក់ងារប្រមូលទិន្និន័យឌីជីថលធំបំផុតមួយលើលោក Alexa គិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្នុងចំណោមប្រជាជាតិទាំង ១០ របស់អាស៊ាន សឹង្ហបុរី ជាប្រទេសមានអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតក្នុងតំបន់ ដោយឆ្លងសរុបជិត ៣៥ ០០០នាក់ ស្លាប់ ២៣នាក់ ឥណ្ឌូនេស៊ីឈរនៅលេខរៀងទី២ មានឆ្លងជាង ២៦ ០០០នាក់ ស្លាប់ ១ ៦១៣នាក់ រីឯហ្វីលីពីន ដែលឈរនៅលេខរៀងទី ៣ មានឆ្លងសរុបជាង ១៨ ០០០នាក់ ស្លាប់ ៩៥៦នាក់ ខណៈកម្ពុជា ឈរនៅពីលើតែប្រទេសឡាវតែមួយគត់ គឺលេខរៀងទី ៩ ក្នុងចំណោមប្រទេសទាំង ១០ ដោយមានករណីឆ្លង ១២៥នាក់ ហើយឡាវរកឃើញត្រឹម ១៩ករណី ស្របពេល ម៉ាឡេស៊ី ថៃ វៀតណាម ភូមា សូម្បីតែប្រ៊ុយណេ សុទ្ធមានច្រើនជាងកម្ពុជាផងដែរ។
ដោយឡែក សម្រាប់ចំនួនអ្នកជាសះស្បើយឯណេះវិញ កម្ពុជានៅតែខ្លាំងជាងបណ្តាទាំង ៩ ក្នុងតំបន់ ដោយគិតត្រឹមថ្ងៃច័ន្ទសប្តាហ៍នេះ ក្នុងចំណោមអ្នកឆ្លងកូវីដទាំង ១២៥នាក់ កម្ពុជាមានជាសះស្បើយ ១២៣នាក់ និងសល់តែ ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ហើយក៏គ្មានករណីស្លាប់ដែរ នាំឲ្យកម្ពុជាត្រូវចាត់ទុកជាប្រទេសមានអ្នកផ្ទុកមេរោគកំណាចនេះតិចបំផុតក្នុងតំបន់នៅពេលនេះ ស្របពេលដែលឡាវ មានអ្នកឆ្លងសរុបត្រឹម ១៩នាក់ មកទល់ពេលនេះ នៅតែមាន ៣នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។
អាស្រ័យលើកិច្ចប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាការប្រុងប្រយ័ត្នពីសំណាក់ប្រជាពលរដ្ឋគ្រប់តំបន់ ជាហេតុផលតែមួយគត់ជួយកម្ពុជាអាចរក្សាស្ថានការណ៍បានយ៉ាងល្អ និងទទួលការសរសើរពីសំណាក់បណ្តាប្រជាជាតិជាច្រើន ពិសេសអង្គការសុខភាពពិភពលោកតែម្តង។
ជាក់ស្តែងកាលពីថ្ងៃ ១១ ឧសភា កន្លងមក លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ព្រមទាំងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម តួនាទីរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចូលរួមទប់ស្កាត់ជាអន្តរជាតិដូចគ្នា។
ទោះជាស្ថានភាពកូវីដ ១៩ ក្នុងប្រទេស ធូរស្រាល និងមានលំនឹងក្តី ប៉ុន្តែរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល នៅតែទទូលឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យ គម្លាតសង្គម ពាក់ម៉ាស់គ្រប់ពេលធ្វើដំណើរនៅខាងក្រៅ ដើម្បីជួយខ្លួនយើង និងក្រុមគ្រួសារចៀសផុតពីការឆ្លងរាតត្បាតកូវីដ ១៩ រលកទី ២ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ៕ ដោយ៖ ត្នោត