ភ្នំពេញ៖ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ធ្វើយ៉ាងណាកុំឲ្យជំងឺកូវីដ១៩ ឆ្លងដល់កុមារគ្រប់រូបគ្រប់ទីកន្លែងទាំងអស់។ នេះបើតាមខ្លឹមសារក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា ត្រូវយកចិត្តទុកដាក់ ជាពិសេសកុមារ ក្រីក្រ កុមាររស់នៅកន្លែងថែទាំជំនួស កុមារកំពុងរស់នៅកន្លែងឃុំឃាំង ធ្វើយ៉ាងណាឲ្យកុមារទាំងអស់ នៅគ្រប់ទីកន្លែង ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នា ជាពិសេសក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩នេះតែម្តង។
តាមរយៈសារលិខិត សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូប បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេស ចាត់វិធានការការពារកុមារ ពីអំពើរហិង្សារគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំង នឹងការរំលោភបំពាន និងការបៀតបៀនផ្លូវភេទគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើឲ្យកុមារអាចយល់ដឹង ពីវិធីរាយការណ៍ ដល់អាជ្ញាធរ ឬមនុស្សពេញវ័យអំពីការរំលោភបំពានគ្រប់រូបភាព៕ ដោយ៖ ប៊ុនធឿន