បើគិតចាប់តាំងពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមេសា រហូតមកដល់ព្រឹក ថ្ងៃទី១ ខែមិថុនា គឺរយៈពេល៤៦ថ្ងៃហើយ វៀតណាម មិនមានករណីឆ្លងថ្មី នៃកូវីដ១៩ នៅក្នុងសហគមន៍ឡើយ។ មកទល់ពេលនេះ វៀតណាម បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ដល់ទៅ១៧៩នាក់ ក្នុងចំណោមអ្នកឆ្លងទាំងអស់ ៣២៨នាក់។
បើគិតមកដល់ព្រឹក ថ្ងៃទី១ ខែមិថុនា វៀតណាមបានដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់ជនបរទេស១៨៨នាក់ ដើម្បីតាមដាន និងបញ្ចៀសការនាំជំងឺចូលសហគមន៍។ ជាមួយគ្នានេះ អ្នកដែលនៅជិត និង ចូលមកពីក្រៅ បានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព មានទាំងអស់ដល់ទៅ៧២៥៦នាក់ ។
អំពីការព្យាបាលអ្នកជំងឺ នៅសល់ ៤៩នាក់ កំពុងតែព្យាបាល នៅមន្ទីរពេទ្យ ចំនួន៨កន្លែងផ្សេងគ្នា ហើយអ្នកជំងឺមានសុខភាពល្អធម្មតា។ បច្ចុប្បន្ន វៀតណាមបានខិតខំទប់ស្កាត់ការឆ្លងវីរុសមកពីខាងក្រៅ ដោយអ្នកមកពីក្រៅ គឺត្រូវកាត់ផ្តាច់ រយ:ពេល១៤ថ្ងៃ ដើម្បីព្យាបាល និងតាមដានសុខភាព។
ដោយសារមិនមានការឆ្លងថ្មី នៃកូវីដ១៩ នៅក្នុងសហគមន៍ ទើបវៀតណាមអាចដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយសាលារៀនក៏ត្រូវបានបើកទ្វារឲ្យសិស្សទៅរៀនជាធម្មតាវិញ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ វៀតណាម អ៊ែរឡាញ ក៏បានដំណើរការជើងហោះហើរក្នុងស្រុងឡើងវិញផងដែរ៕ ប្រែសម្រួលដោយ៖MEO