យើងបានដឹងហើយថា កុងត្រារបស់កីឡាករខ្ចីជើងពីក្លឹបចិន Shanghai Shenhua នៅក្លឹប Manchester United នឹងបញ្ចប់ត្រឹមថ្ងៃ៣១ ខែឧសភានេះ។ នោះមានន័យថា Odion Ighalo អាចនឹងចាកចេញពីManchester United នៅថ្ងៃនេះផងដែរ។
ព័ត៌មានជាច្រើនបានចុះផ្សាយថា Ighaloបានចាកចេញពីក្លឹបបិសាចក្រហមរួចទៅហើយ ដោយគ្មានការចរចាបន្តកុងត្រារវាងក្លឹបទាំងពីរនោះទេ។ ទោះជាយ៉ាងណា បើតាមប្រភពព័ត៌មាន Skysportsដែលជាប្រភពព័ត៌មានដ៏ធំគួរអោយទុកចិត្តបាន បាននិយាយថា Manchester United កំពុងបើកការចរចាជាមួយក្លឹបShanghai Shenhua នាថ្ងៃចុងក្រោយនេះ។
ដូច្នេះមានន័យថា Ighalo មិនទាន់បានចាកចេញពី Man Utd នៅឡើយទេ ហើយលទ្ធភាពដែល Ighalo បន្តនៅក្លឹបបិសាចក្រហមនៅតែមាន។ គួររម្លឹកបានដែរថា Ighalo ត្រូវបានខ្ចីជើងពីShanghai Shenhua កាលពីខែមករា មកជំនួស Rashford ដែលរងរបួសខ្នង ហើយរយះពេលខ្ចីត្រឹមកន្លះរដូវកាលប៉ុណ្ណោះ។