ពលរដ្ឋអាមេរិក នៅទីក្រុង Minneapolis បានបន្តធ្វើបាតុកម្មឥតឈប់ឈរ ទាមទារយុត្តិធម៌ បន្ទាប់ពីបុរសជនជាតិស្បែកខ្មៅម្នាក់ ឈ្មោះ George Floyd បានស្លាប់ ដោយសារប៉ូលិសប្រើជង្គត់។
ការផ្សាយរបស់ប្រភព Sputniks កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមបាតុករបានផ្ទុះហិង្សា នៅតាមចំណុចខ្លះ ពួកកុបករបានប៉ះទង្គិចជាមួយមន្ត្រីប៉ូលិស បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដុតរថយន្តឆេះ និងលួចទ្រព្យសម្បត្តិពីហាងលក់ទំនិញផងដែរ។
រថយន្តធំដឹកសាំងមួយគ្រឿង បានបើកបំបុកចូលហ្វូងមនុស្សដែលប្រមូលផ្តុំបាតុកម្ម ស្ថិតនៅផ្លូវល្បឿនលឿន Minneapolis ។ រូបថតវីដេអូថតបានពីលើឧទ្ធម្ភាគចក្រ ផ្សព្វផ្សាយនៅលើបណ្តាញសង្គម ។
វីដេអូខ្លះទៀតបង្ហាញថា រថយន្តនោះត្រូវបានឡោមព័ទ្ធ ដោយក្រុមបាតុករ នៅពេលដែលវាបានអស់ល្បឿន។ ក្រុមបាតុករព្យាយាមចាប់អូសអ្នកបើកបរចេញពីក្នុងរថយន្ត ហើយគេមិនច្បាស់ទេថា តើមានរឿងអ្វីកើតឡើង ចំពោះរូបគាត់ ។
នាយកដ្ឋានសុវត្ថិភាពសាធារណៈទីក្រុង Minnesota ក្រោយមកបានបញ្ជាក់ថា អ្នកបើកបររថយន្តត្រូវចាប់ខ្លួន ហើយថា ពុំមានបាតុករណាម្នាក់រងរបួសដោយសារការបើករថយន្ត ចូលហ្វូងបាតុកម្មនោះឡើយ ។
ប្រភពព័ត៌មាន FOX9 បានផ្សាយថា ក្រុមគ្រូពេទ្យរួសរាន់ទៅកាន់កន្លែងកើតហេតុ ជួយដល់អ្នកដែលរងរបួស ។ វាចម្លែកដែលថា តើរថយន្តត្រាក់នេះចូលទៅកាន់ផ្លូវល្បឿនលឿនបានយ៉ាងដូចម្តេចកើត បើអាជ្ញាធរបានប្រកាសបិទមិនឲ្យចូលនៅវេលាម៉ោង៥រសៀលនោះ ។
គួរបញ្ជាក់ថា បាតុកម្មផ្ទុះឡើងទាក់ទងការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ។ បាតុកម្មនេះអូសបន្លាយពេលនៅទីក្រុង Minneapolis រយៈពេល៦ថ្ងៃមកហើយ ។ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីបំបែកក្រុមបាតុករដែលបាតុកម្ម កាលពីថ្ងៃទី៣០ ខែឧសភា ៕ ប្រែសម្រួលដោយ៖ thach yat