កាលពីចុងសប្ដាហ៍មុន អតីតកំពូលអ្នកប្រដាល់អាជីព Mike Tyson រួមជាមួយ Victor Belfort អ្នកប្រដាល់ MMA ប្រចាំ ONE Championship បានធ្វើដំណើរទៅភាគខាងជើង Florida ដើម្បីចូលរួមសង្វៀនកីឡាកាស AEW Dynamite។ នៅសង្វៀននោះ ជាទីដែល Tyson បានប៉ះទង្គិចជាមួយអ្នកកីឡាកាស Chris Jericho នៅចំកណ្ដាលសង្វៀនតែម្ដង។ នាគ្រានោះ Chris Jericho ដែលជាអតីតម្ចាស់ខ្សែក្រវាត់ AEW World Champion បានឈរនៅលើរេញទល់មុខគ្នាជាមួយ Tyson និង Victor ដោយកាន់ម៉ាក្រូហ្វូន ហើយនិយាយទាំងកំហឹង ថាចង់សងសឹក Tyson បន្ទាប់ពី Tyson បានផ្ដួលរូបគេឲ្យសន្លប់កាលខែ មករា ឆ្នាំ២០១០។
Jericho បានទាមទារឲ្យ Tyson សូមទោសចំពោះរឿងរ៉ាវដែលកើតឡើងកាល ១០ ឆ្នាំមុន ប៉ុន្តែ បុរសវ័យ៥៣ឆ្នាំរហស្សនាម “Iron Mike” មិនធ្វើតាមការទាមទារឡើយ ហើយថែមទាំងឆ្លើយតបជាមួយការច្រាញដើមទ្រូងទៅវិញ។ រំពេចនោះ ពួកគេបានប្រទូសរ៉ាយមួយប្រាវនៅលើសង្វៀន AEW មុនពេលមានការអន្តរាគមន៍ជាហូរហែ។ Victor Belfort និងអ្នកនៅក្បែរនោះ បានរារាំង Mike Tyson ប៉ុន្តែជម្លោះពាក្យសម្ដី និងកាយវិការច្រងេងច្រងាងនៅតែកើតឡើង ទោះអ្នកទាំងពីរត្រូវបានទាញឲ្យឃ្លាតឆ្ងាយពីគ្នាក្ដី។