ក្រុមរដ្ឋអិស្លាម (Islamic State)បានប្រកាសទទួលសខុសត្រូវ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លើការវាយប្រហារបំផ្ទុះគ្រាប់បែកតាមដងផ្លូវមួយប្រឆាំងទៅលើរថយន្តបឺសរបស់ស្ថានីយទូរទស្សន៍ក្នុងតំបន់ ដែលបណ្តាលឲ្យស្លាប់ និងរងរបួសច្រើននាក់ ។
មន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន Marwa Amini ថ្លែងថា បុគ្គលិកស្ថានីយ៤នាក់ផ្សេងទៀតរងរបួស និង២នាក់បានស្លាប់ ។ ការវាយប្រហារកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែឧសភា នៅទីក្រុងកាប៊ុល ។
សេចក្តីប្រកាសមួយផ្សព្វផ្សាយលើគេហទំព័ររបស់ក្រុមរដ្ឋអិស្លាមបានបញ្ជាក់ថា ក្រុមរបស់ខ្លួនជាអ្នកវាយប្រហារប្រឆាំងទៅលើរថយន្តបឺសស្ថានីយទូរទស្សន៍ Khurshid TV ។ ស្ថានីយទូរទស្សន៍នេះ ត្រូវបានចាត់ទុកថា មានភាពស្មោះស្ម័គ្រ ឬផ្សាយលើកជើងឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។
ក្រុមរដ្ឋអិស្លាម និងក្រុមឧទ្ទាម សុទ្ធតែបានវត្តមាននៅក្នុងតំបន់ ។ ប៉ុន្តែការវាយប្រហារថ្មីនេះ ក្រុមរដ្ឋអិស្លាមបានប្រកាសថា ជាទង្វើរបស់ខ្លួន ប្រឆាំងទៅលើទីតាំងជនស៊ីវិល ។ ក្រុមតាលីបង់វាយប្រហារប្រឆាំងតែទៅលើទីតាំងយោធារដ្ឋាភិបាលប៉ុណ្ណោះ ។
គេបានសង្កេតឃើញថា ក្រុមរដ្ឋអិស្លាម IS ហាក់បាននិងកំពុងសកម្មខ្លាំង វាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីទទួលបរាជ័យយ៉ាងជូរចត់នៅក្នុងសមរភូមិ ទាំងជាមួយកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងទាំងជាមួយកងកម្លាំងដឹកនាំដោយអាមេរិក ក៏ដូចជាគូប្រជែងតាលីបង់របស់ខ្លួន ។
អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីអាហ្វហ្គានីស្ថានបានចេញថ្លែងការណ៍ថ្កោលទោសការវាយប្រហារដ៏កំសាកនេះប្រឆាំងទៅលើបុគ្គលិកទូរទស្សន៍ Khurshid TV ពីសំណាក់ពួក ISផងដែរ ។
អាហ្វហ្គានីស្ថានជាប្រទេសដែលគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន ។ គណៈកម្មការសុវត្ថិភាពអ្នកកាសែតអាហ្វហ្គានីស្ថានថា អ្នកកាសែត៥នាក់ត្រូវបានសម្លាប់កាលពីឆ្នាំ២០១៩ ។ ប្រភពបន្តថា នៅ១ឆ្នាំមុននោះ អ្នកកាសែត១៧នាក់បានស្លាប់នៅអាហ្វហ្គានីស្ថាន ខណៈដែលអំពើហិង្សាកើតឡើងទៅលើអ្នកកាសែតសរុប១២១ករណីនោះ ៕ ប្រែសម្រួលដោយ៖ thach yat