ភ្នំពេញ៖ បុរសជនបរទេសម្នាក់ អូសម៉ូតូចេញបំណងឌុបប្រពន្ធទៅរកបើកលុយ ស្រាប់តែជួបគ្រោះអកុសល ខ្យល់គដួលស្លាប់ភ្លាមៗក្នុងបន្ទប់ជួល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីជាភរិយាបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង គឺ ហៅ ជីច ឃី ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរជាមេការរោងចក្រ ចំណែកគាត់ជាប្រពន្ធឈ្មោះ នុង ស្រីពេជ្រ អាយុ៣៤ឆ្នាំ មុខរបរ កម្មការិនីរោងចក្រជាមួយគ្នា មានស្រុកកំណើត ភូមិព្រៃតាឌុក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ស្ត្រីជាប្រពន្ធបន្តទៀតថា គាត់បានគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ តាំងពីអំឡុងឆ្នាំ២០១៧ មានកូន២នាក់ ប្រុសម្នាក់អាយុជាង១ខួប និងបច្ចុប្បន្នកំពុងមានផ្ទៃពោះជាង៥ខែផងដែរ ។
ស្ត្រីដដែលរៀបរាប់ថា ប្តីរបស់គាត់ មានជម្ងឺ គ្រួសក្នុងប្រម៉ាត់ ប្រើប្រាស់ថ្នាំជាប្រចាំ ហើយមុនកើតហេតុ ប្តីរបស់គាត់ក្រោយពីងើបដាំបបរហើយ រៀបចំខ្លួនបំណង់នាំគាត់ជាប្រពន្ធទៅបើកលុយនៅរោងចក្រ គ្រាដែលដើរទៅបំរ៉ុងបណ្តើរអូសម៉ូតូចេញ ស្រាប់តែដួលប្រកាច់ត្រដរខ្យល់ស្លាប់ភ្លាមៗ ស្រែកហៅអ្នកជិតខាងឲ្យជួយ រកតែជួយមិនទាន់ ជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ សាកសួរជាក់ស្តែង ឃើញថាស្លាប់ដោយជម្ងឺខ្យល់គ រួចដឹកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីពិនិត្យស្រាវជ្រាវ រកក្រុមគ្រួសារ រាយការណ៍ទៅស្ថានទូត ៕ ដោយ៖ សួង សាម