តាមប្រភពប៉ូលិសបានឱ្យដឹងថា មានបុរសពីរនាក់ដែលម្នាក់ជាជនជាតិថៃ និងម្នាក់់ទៀតជាជនជាតិមីយ៉ាន់ម៉ាបានស្លាប់បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តដឹកទំនិញមួយគ្រឿងបើកបុកបង្គោលភ្លើងនៅតាមផ្លូវក្នុងស្រុក Muang ខេត្តភូកេតកាលពីថ្ងៃសៅរ៍។
រូបតំណាង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៤ និង ៤០នាទី រសៀលនៅតំបន់ Soi Suksant ១ តាមបណ្តោយផ្លូវ Patak។ រថយន្តនោះបានបើកបរនៅលើផ្លូវ ហើយស្រាប់តែជ្រុលចង្កូតទៅបុកបង្គោលភ្លើង ដែលធ្វើឱ្យបង្គោលភ្លើងរលំហើយដួលនៅលើផ្លូវ។ បុរសម្នាក់បានស្លាប់នៅក្នុងរថយន្តដឹកទំនិញហើយត្រូវបានគេស្គាល់ឈ្មោះថា Thanapol Prachit អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្ត Chaiyaphum។
ក្នុងហេតុការណ៍នេះផងដែរមានបុរសម្នាក់ទៀតកំពុងជិះម៉ូតូនៅលើផ្លូវហើយបានរងរបួសធ្ងន់ដោយសារប៉ះទង្គិចនឹងបង្គោលភ្លើងដែលដួលនោះ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Chalong ហើយបានស្លាប់ភ្លាមៗពេលទៅដល់មន្ទីរពេទ្យ។ លិខិតឆ្លងដែនដែលរកឃើញនៅលើខ្លួនគាត់បានបញ្ជាក់ថាគាត់មានឈ្មោះ Hlaing Myo Win អាយុ ២៨ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា។ សាកសពជនរងគ្រោះទាំង ២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Vachira ខេត្តភូកេតដើម្បីធ្វើកោសល្យវិច័យ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post