រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើតច្បាប់ថ្មី ស្ដីពីសន្ដិសុខ នៅកោះហុងកុង ហើយអតីតដែនដីអាណានិគមអង់គ្លេសមួយនេះ នឹងត្រូវអនុវត្ដតាមច្បាប់ថ្មី ប៉ុន្ដែទោះជាយ៉ាងណា អង់គ្លេសនឹងនៅតែផ្ដល់ ភាពជាពលរដ្ឋ ដល់អ្នករស់នៅហុងកុងរាប់លាននាក់ ចូលទៅរស់នៅលើទឹកដីរបស់ខ្លួន។
អង់គ្លេស ត្រៀមផ្តល់សិទ្ធិទិដ្ឋការបន្ថែម និងមាគ៌ាសម្រាប់ភាពជាពលរដ្ឋអង់គ្លេស សម្រាប់ប្រជាជនហុងកុង ជិត៣លាននាក់ ដើម្បីជាការឆ្លើយតបនឹងបង្ខិតបង្ខំរបស់ចិនដីគោក នៅក្នុងការដាក់ច្បាប់សន្តិសុខជាតិ ទៅលើអតីតដែនដីអាណានិគមរបស់ខ្លួន (អង់គ្លេស)។
សភាប្រជាជនចិន បានអនុម័តឲ្យដំណើរការច្បាប់សន្ដិសុខជាតិ សម្រាប់កោះហុងកុង។ បញ្ហានេះ បានធ្វើឲ្យសកម្មជនប្រជាធិបតេយ្យ អ្នកការទូត ក៏ដូចជា អ្នកពាក់ព័ន្ធនឹងពិភពពាណិជ្ជកម្ម កំពុងតែព្រួយបារម្ភថា ច្បាប់សន្ដិសុខជាតិនេះ នឹងធ្វើឲ្យអន្ដរាយដល់សិទ្ធិពាក់កណ្ដាលស្វ័យភាព និងតួនាទីរបស់ហុងកុង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថពិភពលោក។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាមេរិក អូស្ត្រាលី កាណាដា និងអង់គ្លេស ក៏បានសម្រេចចេញសេចក្តីប្រកាសរួមគ្នា បង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលចិនអនុម័តច្បាប់សន្តិសុខចិន នៅកោះហុងកុង។ នៅក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា ចិន បានអនុម័តច្បាប់ស្តីពីសន្តិសុខថ្មី នៅកោះហុងកុង នឹងធ្វើឲ្យប្រជាធិបតេយ្យ នៅហុងកុងត្រូវបាត់បង់ ក៏ដូចជា ការគ្រប់គ្រងស្វ័យភាព។ច្បាប់សន្តិសុខថ្មីរបស់ចិន ក៏នឹងរារាំងដល់គោលនយោបាយ ប្រទេសមួយ របបដឹកនាំពីរ។
រដ្ឋមន្រ្ដីការបរទេសអង់គ្លេស Dominic Raab បានថ្លែងថា ប្រសិនបើទីក្រុងប៉េកាំង ដំណើរការច្បាប់នេះ អង់គ្លេសនឹងពង្រីកសិទ្ធិដល់អ្នកកាន់លិខិតឆ្លងដែនជាតិអង់គ្លេសនៅក្រៅប្រទេស (BNO) រហូតដល់ ៣៥០ ០០០នាក់។ រីឯរដ្ឋាភិបាលអង់គ្លេស ក៏បានថ្លែង កាលពីថ្ងៃទី២៩ ខែឧសភា ថា គោលនយោបាយនេះ នឹងអនុវត្តចំពោះ BNO ទាំងអស់ ដែលបច្ចុប្បន្ននៅហុងកុង ជាក្រុមមានប្រជាជនច្រើន មានប្រមាណជាង ២,៩ លាននាក់ ឬមានចំនួនច្រើនជាងនេះ បើផ្អែកតាមតួលេខរបស់រដ្ឋាភិបាលអង់គ្លេស។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃអង់គ្លេស Priti Patel បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍ថា ប្រសិនបើកចិនបង្ខំឲ្យអនុវត្ដច្បាប់នេះ យើងនឹងស្វែងរកជម្រើសផ្សេង ដើម្បីអនុញ្ញាតដល់អ្នករស់នៅក្រៅ ប្រទេសរបស់ជាតិតអង់គ្លេស ដើម្បីឲ្យពួកគេចាកចេញទៅស្នាក់នៅអង់គ្លេស តាមមាគ៌ាក្លាយជាពលរដ្ឋអង់គ្លេស។ យើងនឹងបន្ដការពារសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋហុងកុង។
ទោះជាយ៉ាងណា អាជ្ញាធរចិន និងរដ្ឋាភិបាលកោះហុងកុង ថ្លែងថា ច្បាប់សន្ដិសុខជាតិសម្រាប់ហុងកុងនេះ មិនមែនជាការគំរាមកំហែងដល់ស្វ័យភាពរបស់ទីក្រុងហុងកុង នោះទេ ហើយផលប្រយោជន៍ របស់វិនិយោគិន បរទេស ក៏នឹងនៅតែការពារដដែល។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទីក្រុងប៉េកាំងបានអនុម័តច្បាប់សន្តិសុខ នៅហុងកុង បើទោះជាមានប្រទេសមួយចំនួនមិនគាំទ្រក្តី។ ប៉ុន្ដែបញ្ហាកោះហុងកុង គឺជាកិច្ចការផ្ទៃ ក្នុងរបស់ចិន ហើយប្រទេសផ្សេងទៀត មិនមានសិទ្ធិនោះឡើយ៕ ប្រែសម្រួលដោយ Nuon