ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយបើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះឡើង។
លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេលបានឱ្យដឹងថា ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី១១ ភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេលខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ រឿត ថេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល បានយកត្រាក់ទ័រ ម៉ាក Kubota មកស៊ីឈ្នួលភ្ជួរដីស្រែឲ្យឈ្មោះ លឹម អូន នៅចំណុចកើតហេតុខាងលើ ខណៈដែលកំពុងភ្ជួរសុខៗក៏ស្រាប់តែប៉ះចំមីនតោនបង្កឱ្យផ្ទុះឡើង បណ្តាលឱ្យតៃកុងរងរបួសធ្ងន់ ចំណែកត្រាក់ទ័រខូចខាតមួយកំណាត់មុខផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យបវេល១ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង៕ ដោយ៖ ផេងភាព