អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានបញ្ជាក់ថា លោក និងសម្ព័ន្ធមិត្តសំខាន់ៗ នៅតែរក្សាទំនាក់ទំនង និងគ្រប់គ្រងបក្សដដែល បើទោះជាលោកត្រូវបានដកចេញពីបក្សហើយក្តី។
ការប្រកាសខាងលើរបស់អតីតនាយករដ្ឋមន្ត្រី បានបង្កឲ្យមានវិវាទយ៉ាងខ្លាំង នៅក្នុងឆាកនយោបាយរបស់ប្រទេសម៉ាឡេស៊ី ។ សារព័ត៌មាន South China Morningpost បានផ្សាយថា សកម្មភាពខាងលើ នឹងធ្វើឲ្យបក្សកាន់អំណាចម៉ាឡេស៊ី កាន់តែចុះខ្យោយ។
នៅក្នុងសន្និសីទកាសែត លោក Mahathir បាន ប្រកាសថា លិខិតដែលផ្ញើទៅកាន់លោក កាលពីថ្ងៃទី២៨ ខែឧសភា គឺជារឿងមិនស្របច្បាប់ ។ នៅក្នុងលិខិតរបស់បក្ស PPBM បានបញ្ជាក់ថា លោក Mahathirបានសមគំនិតជាមួយបក្សប្រឆាំង ដើម្បីស្វែងរកការគាំទ្រ បន្ដឡើងកាន់តំណែងដឹកនាំម៉ាឡេស៊ីជាថ្មី ។
នាយករដ្ឋមន្ត្រី Muhyiddin Yassin ប្រធានគណបក្ស PPBM គឺជាចំណុចកណ្តាល នៅក្នុងវិវាទនយោបាយ ។ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir បានបញ្ជាក់ថា គឺលោក Muhyiddin Yassin ទើបជាមនុស្សដែលត្រូវដកតំណែង ដោយសារតែបានធ្វើបក្សប្រហារ ធ្វើឲ្យលោក Mahathir អាយុ៩៤ឆ្នាំ បាត់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ៕ ប្រែសម្រួលដោយ៖ MEO