បើគិតត្រឹមព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅតែបន្ដកើនឡើង រហូតដល់ ៦ ០២៩ ៦៨៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២ ៦៥៩ ១៥១នាក់ និងស្លាប់ ៣៦៦ ៧៩២នាក់ ប៉ុន្ដែបើតាមតួលេខនេះ នៅតែមិនមានសញ្ញាថមថយ នៃការឆ្លង និងស្លាប់ ដោយកូវីដ១៩នៅឡើយ។
អង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិ បានសរសេរ នៅក្នុងព្រឹត្ដិបត្រ ប្រចាំថ្ងៃរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុននេះថា ការឆ្លងកូវីដ១៩ នៅលើពិភពលោក ប្រចាំថ្ងៃ មានរហូតដល់ ៨៤ ៣១៤នាក់ នៅទូទាំងពិភពលោក។ រីឯស្ថិតិទាំងនេះ គឺ WHO ទទួលបានទិន្នន័យជាផ្លូវការ ពីបណ្ដាប្រទេសនានា នៅលើពិភពលោក។
អាមេរិក នៅតែជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លង កើនឡើងដល់ ១ ៧៩៣ ៥៣០នាក់ ក្នុងនោះមានអ្នកស្លាប់ ១០៤ ៥៤២ និងជាសះស្បើយ ៥១៩ ៥៦៩នាក់។ រីឯប្រទេសមានអ្នកឆ្លងកូវីដ១៩ បន្ទាប់ពីអាមេរិក គឺប្រេស៊ីល មានអ្នកឆ្លង ៤៦៨ ៣៣៨នាក់ ក្នុងនោះស្លាប់ ២៧ ៩៤៤នាក់ និងជាសះស្បើយ ១៩៣ ១៨១នាក់។
រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ លំដាប់ទី៣ ដោយមានអ្នកឆ្លង ចំនួន ៣៨៧ ៦២៣នាក់ ក្នុងនោះស្លាប់ ៤ ៣៧៤នាក់ និសងជាសះស្បើយ ១៥៩ ២៥៧នាក់។ ថ្វីត្បិតតែ នៅពេលនេះ តំបន់មួយចំនួន នៃប្រទេសរុស្ស៊ី មានការបន្ធូរបន្ថយច្បាប់រឹតត្បិត ប្រឆាំងនឹងកូវីដ១៩ហើយក្ដី តែទីក្រុងមូស្គូ នៅតែមិនទាន់លុបចោលច្បាប់នេះដដែល។ រដ្ឋធានីជាបេះដូងរបស់រុស្ស៊ី អាចនឹងលុបច្បាប់បិទប្រទេសចោល លុះត្រាណាមានថ្នាំពិតប្រាកដ សម្រាប់ព្យាបាលជំងឺកូវីដ១៩នេះ៕ ប្រែសម្រួលដោយ Nuon