ភ្នំពេញ៖ រកឃើញករណីឆ្លងថ្មីម្នាក់ និងជាសះស្បើយថ្មីពីវីរុសកូវីដ១៩ ម្នាក់ កាលពីម្សិលមិញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយថ្មីម្នាក់នេះ ពោលគឺជាស្ដ្រីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់ពីសហរដ្ឋអាមេរិក និងបានព្យាបាលជាសះស្បើយហើយ ក្រោយលទ្ធផលអវិជ្ជមានចំនួន ២ដង។
ចំណែកឯករណីវិជ្ជមានមេរោគកូវីដ១៩ ថ្មីម្នាក់ នោះគឺ ជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ នៅខេត្តត្បូងឃ្មុំ ជាអ្នកបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយវិលត្រឡប់មកវិញ តាមរថយន្តធ្វើដំណើរទេសចរណ៍ ១២កៅអី។ បច្ចុប្បន្ន បុរសវ័យ ២៦ឆ្នាំ កំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ។
សូមជម្រាបជូនថា គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានករណីឆ្លងសរុបចំនួន ១២៥នាក់ហើយ ក្នុងនោះអ្នកជាសះស្បើយសរុបមានចំនួន ១២៣នាក់ ខណៈករណីស្លាប់មិនទាន់មាននៅឡើយនោះទេ៕ ដោយ៖ តារា