ក្រុងPattaya នឹងបើកដំណើរការឆ្នេរខ្សាច់នៅក្នុងក្រុងឡើងវិញចាប់ពីថ្ងៃចន្ទនេះតទៅ ដែលក្នុងនោះក៏មានកោះ Lan ផងដែរ ព្រោះច្បាប់រឹតបន្តឹងក្នុងប្រទេសត្រូវបានបន្ធូរបន្ថយដោយសារចំនួនអ្នកឆ្លងមេរោគកូវីដ-១៩បានថយចុះ។
លោក Sonthaya Khunplomeអភិបាលក្រុងនៃខេត្តChon Buri បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា អ្នកធ្វើដំណើរកម្សាន្តតាមឆ្នេរខ្សាច់នៅរមណីយដ្ឋានទាំងអស់ក្នុងខេត្ត Chon Buri អាចជួលកៅអីនិងឆត្របាន ប៉ុន្តែក្រុមការងារនៅតាមរមណីយដ្ឋានត្រូវតែពង្រឹងវិធានការរក្សាគម្លាតដោយរក្សាចម្ងាយយ៉ាងតិចមួយម៉ែត្រពីគ្នា។ លោកបានបន្ថែមថាឆ្នេរខ្សាច់នឹងត្រូវបិទរៀងរាល់ថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍នៅសប្តាហ៍ទី២ ឬទី៣ ក្នុងមួយខែជំនួសឱ្យការបិទឆ្នេររាល់ថ្ងៃពុធដើម្បីសម្អាតមុនការបិទដំណើរការ។
រូបតំណាង
ទីក្រុង Pattaya ក៏បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយប្រកាសថានឹងបើកដំណើរការឆ្នេរសមុទ្រឡើងវិញនៅថ្ងៃចន្ទនេះ ដែលក្នុងនោះកោះ Lan ដែលជាកោះមួយមានការពេញនិយមពីសំណាក់អ្នកទេសចរណ៍ក៏ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការវិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយផ្ទះសំណាក់នៅលើកោះមិនទាន់ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការនៅឡើយទេ។ ទីក្រុង Pattaya បានប្រកាសបិទឆ្នេរទាំងអស់នៅថ្ងៃទី៩ ខែឧសភា ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃមេរោគកូវីដ-១៩។ កោះ Lan បានឈប់ដំណើរការតាំងពីថ្ងៃទី២៥ ខែមីនា។
រូបតំណាង
ខេត្តChun Buriមិនបានរាយការណ៍អំពីអ្នកឆ្លងមេរោគកូវីដ-១៩ ថ្មីទេចាប់តាំងពីថ្ងៃទី២៣ ខែឧសភា។ ចាប់តាំងពីមានការរាតត្បាតនៃមេរោគដ៏កាចសាហាវនេះមកទល់ពេលនេះ ខេត្តChun Buri ត្រូវបានគេរាយការណ៍ថាមានអ្នកឆ្លងជំងឺចំនួន ៨៧ នាក់ ក្នុងនោះមាន ៤១នាក់នៅក្នុងស្រុក Bang Lamung នៃក្រុង Pattaya។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post