ក្លិប Barcelona គួរចុះហត្ថលេខាយក Neymar ពីក្លិប Paris Saint-Germain មកវិញ ព្រោះខ្សែបម្រើប្រយុទ្ធរូបនេះជាកីឡាករឆ្នើមនៅលើពិភពលោក បន្ទាប់ពី Lionel Messi។ នេះជាការលើកឡើងរបស់ លោក Sandro Rosell អតីតប្រធានក្លិប Barcelona ។
Neymar បានចាកចេញពី Barca ទៅចូលរួមជាមួយ PSG នៅឆ្នាំ២០១៧ ក្នុងនាមជាកីឡាករមានតម្លៃខ្លួនផ្ទេរថ្លៃជាងគេលើពិភពលោក ពោលគឺមានទំហំទឹកប្រាក់ប្រមាណជាង ២២២លានផោន។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេផ្សាភ្ជាប់នឹងការផ្លាស់ទៅចូលរួមជាមួយក្លិប Barca ជាថ្មីនៅរដូវក្តៅខាងមុខ។ ទន្ទឹមពេលជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Lautaro Martinez ក៏មានការផ្សាភ្ជាប់នឹងការផ្លាស់ទៅ Barca ផងដែរ ហើយតម្លៃខ្លួនរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងហក់ឡើងខ្ពស់នៅទីផ្សាររដូវក្តៅខាងមុខ។
យ៉ាងណាមិញ លោក Rosell បានប្រាប់កាសែត Marca ថា “ប្រសិនបើខ្ញុំនៅជាប្រធានក្លិប Barca ខ្ញុំនឹងព្យាយាមចុះហត្ថលេខាជាមួយ Neymar។ គាត់ជាកីឡាករឆ្នើមទី២ នៅលើពិភពលោកបន្ទាប់ពី Messi ទម្រង់លេងរបស់គាត់ពិតជាសាកសមជាមួយក្រុម”។
លោកបានបន្ថែមទៀតថា “ខ្ញុំនឹងមិនចុះហត្ថលេខាលើ Lautaro ដែលមានតម្លៃ ១១១លានផោនទេប៉ុន្តែខ្ញុំនឹងព្យាយាមដោះដូរកីឡាករក្នុងក្រុមពីរនាក់ជំនួសវិញ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore