ប្រាសាទតាសោម ត្រូវបានកសាងឡើងនៅចន្លោះចុងសតវត្សទី១២ និងដើមសតវត្សទី១៣ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទីតាំងស្ថិតនៅវង់ធំ ខាងកើតប្រាសាទនាគព័ន្ធ មានកំពែង៣ជាន់ ហើយកំពែងនីមួយៗមានខ្លោងទ្វារចេញចូល និងសំណង់ប្រាង្គកណ្ដាល រំលេចដោយក្បាច់រចនាដ៏ច្រើន។
ប្រាសាទតាសោម ត្រូវគេបំផ្លាញដោយចេតនាក្នុងរវាងស.វទី១៥ ឬ១៦ ដែលធ្វើឲ្យវាស្ថិតនៅក្នុងសភាពបែកបាក់ និងទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនរយឆ្នាំ។ នៅក្នុងឆ្នាំ១៩៩៨ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) និងអាជ្ញាធរជាតិអប្សរា បានសហការគ្នារៀបចំគម្រោងអភិរក្សប្រាសាទតាសោមឡើងវិញ ហើយបានបញ្ចប់គម្រោងឲ្យរួចរាល់ជាស្ថាពរនៅឆ្នាំ២០១២កន្លងមក។
WMF បានរៀបចំឯកសារទាក់ទងនឹងប្រាសាទ ពង្រឹងរចនាសម្ព័ន្ធសំណង់ដែលបែកបាក់ខូចខាត និងត្រង់ផ្នែកដែលរលំធ្លាក់ឲ្យរឹងមាំល្អ ព្រមទាំងរៀបចំសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ក៏ដូចជាពន្យល់បង្ហាញពីប្រវត្តិសាស្ត្រទាក់ទងនឹងប្រាសាទតាសោម។ បន្ថែមពីនេះ ក្រុមការងារគម្រោងក៏បានសម្អាតច្រកចេញចូលរោងទង និងទីធ្លាជុំវិញប្រាសាទ ដើម្បីសម្រួលដល់ការឆ្លងកាត់ពីលិចទៅកើត។