ក្រុមហ៊ុនផលិតរថយន្តនៅវៀតណាម VinFast បានចាប់ផ្តើមបើកសាកល្បងម៉ូដែលរថយន្តអគ្គីសនីដំបូងបំផុតរបស់ខ្លួននៅទីក្រុងហាណូយ មុនពេលគម្រោងនាំយកទៅដាក់តាំងពិព័រណ៍ក្នុងទឹកដីអាមេរិក នៅចុងឆ្នាំ២០២០នេះ ។
រថយន្ត Crossover ត្រូវបានគ្របក្រណាត់ជិត ចៀសវាងការបែកធ្លាយរូបរាង ខណៈដែលវាកំពុងតែចរាចរសាកល្បង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ រថយន្តនេះ មានបិទស្លាកអក្សរ “VinFast Nextgen”នៅពីចំហៀងរថយន្តផងដែរ ។
ក្រុមហ៊ុនផលិតរថយន្ត VinFast មានគម្រោងដាក់បង្ហាញរថយន្តនេះនៅក្នុងព្រឹត្តិការពិព័រណ៍រថយន្ត ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅរដ្ឋ ឡូសអេនចឺឡេស សហរដ្ឋអាមេរិក នៅមុនពេលដែលក្រុមហ៊ុននេះផ្សព្វផ្សាយឲ្យទូលំទូលាយទៅកាន់បណ្តាប្រទេសដទៃផ្សេងៗទៀត ពាស់ពេញពិភពលោក នៅខែមករា ឆ្នាំ២០២១ ។ ខែកក្កដា ឆ្នាំ២០២១ VinFastមានគម្រោងផលិតរថយន្តម៉ូដែលនេះចំនួនច្រើនគ្រឿង។
ប្រភព VNExpress ផ្សាយថា រថយន្តអគ្គីសនីនេះរចនាម៉ូដដោយក្រុមហ៊ុនរថយន្តអ៊ីតាលី Pininfarina ។ ក្រុមហ៊ុនអ៊ីតាលីនេះ ក៏ជាអ្នករចនាម៉ូដឲ្យរថយន្ត SUV និង Sedan របស់ក្រុមហ៊ុន VinFast ផងដែរ ។
រថយន្តអគ្គីសនីនេះ មានកម្លាំងម៉ាស៊ីន ៤៧០ សេះ រត់បាន៥០០គីឡូម៉ែត្រនៅពេលសាកអាគុយពេញ ។ ក្រុមហ៊ុនផលិតរថយន្ត VinFast បាននិងកំពុងផលិតអាគុយផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ជាមួយកោសិកាមកពីក្រុមហ៊ុន LG កូរ៉េខាងត្បូង ។
រថយន្តម៉ូដែលនេះក៏មានប្រភេទប្រើប្រេងសាំងផងដែរ ដែលបំពាក់ជាមួយម៉ាស៊ីន BMW ។
ក្រុមហ៊ុន VinFast បានចាប់ផ្តើមចែកចាយរថយន្តដំបូងបំផុតរបស់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៩ ។ ក្រុមហ៊ុននេះ មិនបានបញ្ចេញតួលេខពិតប្រាកដថា រថយន្តប៉ុន្មានគ្រឿងដែលបានលក់ដាច់នោះឡើយ ។ យ៉ាងណាក៏ដោយ ទិន្នន័យផ្លូវការបង្ហាញថា រថយន្តរបស់ VinFast ចំនួន ៥ ១២៤ គ្រឿងត្រូវបានចុះបញ្ជីនៅក្នុងឆមាសទីមួយនេះ ។ ដូច្នេះ ការលក់របស់VinFast ឈរនៅលំដាប់លេខរៀងទី៥ បន្ទាប់ពីរថយន្តក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ, តូយ៉ូតា, កៀ និងហុងដា ៕ ប្រែសម្រួលដោយ៖ thach yat