បើទោះជាប្រទេសលោកខាងលិច និងសម្ពន្ធមិត្ត រួមមាន អាមេរិក អង់គ្លេស អូស្ត្រាលី និងកាណាដា ថ្កោលទោសយ៉ាងខ្លាំង ជុំវិញច្បាប់សន្តិសុខជាតិថ្មី សម្រាប់កោះហុងកុង ក្ដី ប៉ុន្ដែផ្ទុយទៅវិញ ក្រុមអ្នកមាន អ្នករកស៊ី និងមហាសេដ្ឋី នៅហុងកុង បានគាំទ្រយ៉ាងខ្លាំងដល់ច្បាប់សន្តិសុខនេះ។
នៅពេលនេះ មហាសេដ្ឋីលំដាប់ទីមួយ នៅកោះហុងកុង លោក Li Ka-shing ជាអ្នកបង្កើតក្រុមហ៊ុន CK Asset Holdings និង CK Hutchison Holdingscho បានលើកឡើងថា ការអនុម័តច្បាប់សន្តិសុខ គឺជាសិទ្ធិស្របច្បាប់របស់បណ្តាប្រទេស ដែលមានអធិបតេយ្យភាព។ លោក Li Ka-shing បានបន្តទៀតថា «យើងមិនចាំបាច់ព្រួយបារម្ភ និងវិភាគច្រើនអំពីបញ្ហានេះឡើយ។ ច្បាប់សន្តិសុខថ្មី នឹងជួយកាត់បន្ថយការព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះកោះហុងកុង »។
ក្រៅពីនេះ ក៏នៅមានមហាសេដ្ឋីហុងកុង៥រូបផ្សេងទៀត បានគាំទ្រដល់សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ មហាសេដ្ឋីផ្សេងទៀត បានលើកឡើងថា វិស័យសេដ្ឋកិច្ចហុងកុងនឹងលំបាករក្សានូវភាពល្អប្រសើរ ប្រសិនបើមិនមានច្បាប់សន្តិសុខថ្មីទេនោះ។ ច្បាប់ថ្មីនេះនឹងជួយរក្សាសន្តិសុខ និងស្ថិរភាពសង្គម គេចផុតពីការគំរាមកំហែងនានាផងដែរ៕ ប្រែសម្រួលដោយ៖ MEO