ភ្នំពេញ៖ លោក Xu Rongmao មកពីខេត្ត Jiangxi ប្រទេសចិន បានសម្រចចិត្តចាកចេញពីស្រុកកំណើតរបស់ខ្លួនដើម្បីចាប់ផ្តើមធ្វើអាជីវកម្មនៅកម្ពុជា។ លោកថាបានចាប់ផ្តើមស្រឡាញ់ប្រទេសកម្ពុជា និងស្រលាញ់អ្វីៗគ្រប់យ៉ាងដោយមិនដឹងខ្លួន ពេលមករស់នៅ និងធ្វើការងារក្នុងប្រទេសមួយនេះ។
ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានTNAOT APP និងបានចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួននៅកម្ពុជា លោក Xu Rongmao បានឲ្យដឹងថា លោកធ្លាប់រស់នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ប្រទេសថៃ ឡាវ និងប្រទេសកម្ពុជាជាដើម ប៉ុន្តែទីបំផុតលោកបានសម្រេចចិត្តរស់នៅកម្ពុជា។
លោកបាននិយាយថា ការរស់នៅក្នុងប្រទេសកម្ពុជាមិនសូវមានសម្ពាធដូចប្រទេសចិនទេ ចំណែកទស្សនវិស័យនៃការអភិវឌ្ឍរបស់កម្ពុជាក៏មានភាពល្អប្រសើរផងដែរ។ ប្រជាជនកម្ពុជាមានរបៀបរស់នៅល្អណាស់ ពួកគេមានទឹកចិត្តល្អ រួសរាយ និងសុភាពរាបសា ។ ពេលមកដល់ប្រទេសកម្ពុជាដំបូង លោក Xu Rongmao មានអារម្មណ៍ស្និទ្ធស្នាលខ្លាំងណាស់ បន្ទាប់ពីរស់នៅកម្ពុជាមួយរយៈមក លោកចាប់ផ្តើមស្រលាញ់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើង ធ្វើឱ្យលោកសម្រេចចិត្តបង្កើតគ្រួសារ និងបន្តរស់នៅកម្ពុជា។
កាលពីចុងខែមីនា ឆ្នាំ២០១៥ លោក Xu Rongmao បានចំណាយពេល ៦ ថ្ងៃ ជិះម៉ូតូពីទីក្រុងណានជីង ខេត្តជាំងស៊ូ ប្រទេសចិនទៅកាន់ប្រទេសថៃ។ នៅដើមខែមេសា គាត់បានជិះយន្ដហោះពីប្រទេសថៃមកប្រទេសកម្ពុជា។ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោក Xu Rongmao ក៏បានស្គាល់ស្រ្តីខ្មែរម្នាក់ឈ្មោះ សាត ស្រីល័ក្ខ តាមរយៈបងប្អូនមិត្តភក្តិរបស់គាត់។ នៅពេលដែលគាត់ជួប សាត ស្រីល័ក្ខ ដំបូងគាត់ចាប់អារម្មណ៍លើរូបនាង ។
បន្ទាប់ពីបញ្ចប់ដំណើរកម្សាន្តនៅកម្ពុជា លោក Xu Rongmao បានចាកចេញពីប្រទេសកម្ពុជាត្រឡប់ទៅទីក្រុងណានជីងវិញ។ បន្ទាប់ពីវិលត្រឡប់ទៅប្រទេសខ្លួនវិញ លោកនៅតែរក្សាទំនាក់ទំនងជាមួយ សាត ស្រីល័ក្ខ ជាប់ជានិច្ច។
ខែឧសភា ឆ្នាំ២០១៥ លោក Xu Rongmao បានធ្វើដំណើរហោះហើរមកប្រទេសកម្ពុជាម្តងទៀត ក្នុងគោលបំណងតែមួយគត់គឺបន្តទំនាក់ទំនងជាមួយ សាត ស្រីល័ក្ខ។ ក្រោយរយៈពេល ៣ ទៅ ៤ ខែនៃការប្រាស្រ័យទាក់ទងជាមួយគ្នា អ្នកទាំងពីរបានស្វែងយល់ពីគ្នាកាន់តែច្បាស់ និងមានចិត្តស្រលាញ់គ្នាកាន់តែខ្លាំង។ ក្រោយមកលោកក៏បានសម្រេចចិត្តសុំនាងរៀបការតែម្តង។ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៥ អ្នកទាំងពីរបានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ដ៏សាមញ្ញមួយនៅកម្ពុជា។ បច្ចុប្បន្ន អ្នកទាំងពីរបានបង្កើតកូនស្រី២នាក់យ៉ាងស្រស់ស្អាតទៀតផង។
លោក Xu Rongmao បាននិយាយថា ដោយប្តីប្រពន្ធគាត់ទាំងពីរនាក់រវល់នឹងការងារ ដូចនេះគាត់បានបញ្ចូនកូនស្រីទាំងពីរឱ្យទៅរស់នៅជាមួយម្តាយគាត់នៅឯងប្រទេសចិនសិន ពេលដែលពួកគេធំបន្តិច នឹងយកកូនទាំងពីរមករស់នៅកម្ពុជាជុំគ្នាវិញ។ លោកបញ្ជាក់ថា លោកស្រឡាញ់ប្រទេសកម្ពុជាខ្លាំងណាស់ ប៉ុន្តែនៅថ្ងៃអនាគត គាត់មានផែនការនាំប្រពន្ធនឹងកូនៗ វិលត្រឡប់ទៅរស់នៅប្រទេសចិនវិញ ដើម្បីមើលថែឪពុកម្តាយចាស់ជរាផង ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រជាជនចិនដែលបានចាកចេញពីប្រទេសកំណើតមកប្រទេសកម្ពុជាតែងតែជួបប្រទះការលំបាកមួយចំនួនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅឆ្នាំ២០១៧ លោក Xu Rongmao ចាប់ផ្តើមបើកក្រុមហ៊ុនផ្តល់សេវាកម្មដល់ជនជាតិចិនរួមមានដូចជា សេវាកម្មទេសចរណ៍ ការស្នើសុំទិដ្ឋាការ និងសេវាកម្មធ្វើឯកសារពាក់ព័ន្ធផ្សេងទៀត។
លោក Xu Rongmao ដែលមានបទពិសោធន៌រស់នៅក្នុងប្រទេសកម្ពុជាបាន បានផ្តាំផ្ញើដល់ជនជាតិចិនដែលមករស់នៅកម្ពុជាថា ត្រូវទៅចូលស្ទឹងតាមបត់ ត្រូវស្គាល់ពីទំនៀមទំលាប់ការរស់នៅរបស់ប្រជាជនខ្មែរ ត្រូវចេះទំនាក់ទំនងនិងរាប់អានជាមួយប្រជាជនខ្មែរ ស្វែងយល់បន្ថែមអំពីប្រពៃណីទំនៀមទំលាប់របស់ប្រជាជនកម្ពុជា និងមិនត្រូវបង្កបញ្ហាផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។
លោកបន្តថា មុនពេលមកវិនិយោគនៅប្រទេសកម្ពុជា វិនិយោគិនចិនត្រូវមានចិត្តគំនិតស្មោះត្រង់និងគិតគូរឱ្យបានច្បាស់លាស់ មិនត្រូវគិតថាមកកម្ពុជាដើម្បីតែរកប្រាក់ ឬមកកម្ពុជាប្រកបមុខរបរខុសច្បាប់ ដោយមិនខ្វល់ពីគ្រោះថ្នាក់និងហានិភ័យដល់ខ្លួននិងអ្នកដទៃនោះទេ។ថ្វីត្បិតតែលោក Xu Rongmao ជាប្រជាជនសាមញ្ញម្នាក់ តែលោកយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍប្រទេសនិងសង្គម។ លោកមានប្រសាសន៍ថា៖ “មនុស្សគ្រប់គ្នាមានតួនាទីខុសគ្នានៅក្នុងសង្គម។ ប្រសិនបើមនុស្សម្នាក់ៗមានភាពវិជ្ជមាននិងបំពេញការងារបានល្អ នោះពួកគេនឹងបានចូលរួមចំណែកអភិវឌ្ឍន៍សង្គម”។ មិនតែប៉ុណ្ណោះ លោកបានយកចិត្តទុកដាក់ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកថែរក្សាមិត្តភាពរវាងកម្ពុជានិងប្រទេសចិនឱ្យកាន់តែយូរអង្វែង៕