ភ្នំពេញ៖ សហព័ន្ធកីឡាខ្មែរហែលទឹកគ្រោងនឹងចាប់ផ្តើមប្រមូលផ្តុំកីឡាករ-កីឡាការិនីហែលទឹកក្រុមជម្រើសជាតិ ក្រុមធំ និងក្រុមជម្រើសជាតិថ្នាលឱ្យចូលរួមហ្វឹកហាត់ឡើងវិញតាមការអនុញ្ញាតរបស់ក្រសួងអបរំយុវជន និងកីឡា ក៏ដូចជាមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតាមការកំណត់ ពោលគឺចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០នេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP
បើតាម AKP ដែលបានស្រង់សម្តី លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធកីឡាខ្មែរកីឡាហែលទឹក នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានប្តេជ្ញាថានឹងអនុវត្តន៍តាមការណែនាំរបស់ក្រសួង និងមានការប្រុង ប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សហព័ន្ធកីឡាជាតិនានាត្រូវបានអនុញ្ញាតឱ្យដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគរបស់ខ្លួនឡើងវិញជាជំហានៗ។អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរហែលទឹកបានបន្ថែមថា ការហ្វឹកហាត់ ឡើងវិញនេះ សហព័ន្ធនឹងរៀបចំផែនការហ្វឹកហាត់ចាប់ពីក្រុមធំ និងក្រុមជម្រើសជាតិយុវជន ដោយត្រួត ពិនិត្យសុខភាពឱ្យបានច្បាស់លាស់ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអបរំយុវជន និងកីឡា។លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានសម្រេចចិត្តអនុញ្ញាតឱ្យមានសកម្ម ភាពកីឡាឡើងវិញ ដើម្បីឱ្យសហព័ន្ធកីឡានីមួយៗ បានហ្វឹកហាត់ពង្រឹងសមត្ថភាពឡើងវិញ ព្រោះនៅក្នុង បច្ចេកទេសកីឡាមិនអាចហ្វឹកហាត់១ថ្ងៃ ឬមួយខែ ដើម្បីបង្កើនសមត្ថភាពក្រោយការឈប់សម្រាកជាង២ ខែនោះទេ។ លោកចាត់ទុកថា នេះជាចំណុចវិជ្ជមានមួយដែលសហព័ន្ធកីឡាជាតិ ទទួលបាន។ តែយ៉ាងណា យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតផងដែរ ព្រោះក្នុងនាមជាអ្នកអនុវត្តន៍ ត្រូវដឹងពី ស្ថានភាពជាក់ស្តែងនេះបញ្ហាកូវីដ-១៩ នេះ។
គួរបញ្ជាក់ថា ការហ្វឹកហាត់នេះ គឺសម្រាប់តែក្រុមជម្រើសជាតិ និងក្រុមជម្រើសជាតិយុវជន នៅរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបើក្រុមជម្រើសជាតិ កីឡាករ-កីឡាការិនីនៅតាមខេត្ត ប្រសិនបើពួកគាត់ ចង់មកហាត់នៅភ្នំពេញ គឺត្រូវដាក់គាត់ឱ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ ទើបអនុញ្ញាត្តឱ្យចូលហ្វឹកហាត់៕ ដោយ៖ ប៊ុនធឿន