កាលពីថ្ងៃទី២៧ ខែឧសភា ជាលើកដំបូង ក្នុងរយៈពេល២០០ឆ្នាំ ដែលបណ្តាតំណាងរាស្ត្រអាមេរិក បោះឆ្នោតពីចម្ងាយ ដោយសារតែវិបត្តិកូវីដ១៩។
សមាជិករដ្ឋសភា៧០រូប មកពីគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតពីចម្ងាយដោយសារតែកូវីដ១៩ ។ កាលពីថ្ងៃទី១៥ ខែឧសភា រដ្ឋសភាអាមេរិក បានអនុញ្ញាតឲ្យ ក្រុមតំណាងរាស្ត្រអាមេរិក អាចផ្តាច់ខ្លួនទប់ស្កាត់ការឆ្លងកូវីដ១៩។ ប៉ុន្តែសភានៅតែដំណើរការដដែល ដោយមានតំណាងរាស្ត្រធ្វើការ និងបោះឆ្នោតពីចម្ងាយ។
ជាក់ស្តែង តំណាងរាស្ត្រអាចផ្តល់សិទ្ធិឲ្យអ្នកបោះឆ្នោតជំនួយ ដោយមានការណែនាំ ផ្តល់ព័ត៌មានច្បាស់លាស់។ តំណាងរាស្ត្រម្នាក់ អាចជំនួសឲ្យតំណាងរាស្ត្រផ្សេងទៀតចំនួន១០នាក់ នៅក្នុងសភា។ ជាមួយគ្នានេះ សភាអាមេរិក ក៏អាចបោះឆ្នោតពីចម្ងាយ តាមរយៈបច្ចេកវិទ្យាទំនើប ក៏ដូចជា ជាប្រជុំតាមអនឡាញផងដែរ។
សេចក្តីព្រៀងច្បាប់ដែលរដ្ឋសភាអាមេរិក បានអនុម័ត គឺជាការផ្លាស់ប្តូរយ៉ាងធំធេង មិនធ្លាប់មានពីមុនមក។ កូវីដ១៩បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ សេដ្ឋកិច្ច វប្បធម៌ និងនយោបាយអាមេរិក៕ ប្រែសម្រួលដោយ៖ MEO