ការផ្ទុះអាវុធកើតឡើង ក្រោយក្រុមឧទ្ទាមឡោមព័ទ្ធប៉ុស្តិ៍សន្តិសុខ ស្លាប់ប៉ូលិសអាហ្វហ្គានីស្ថានច្រើននាក់
ការផ្ទុះអាវុធដ៏បង្ហូរឈាមមួយ បានកើតឡើង រវាងក្រុមឧទ្ទាមតាលីបង់ និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ស្ថិតនៅភាគខាងលិច ខេត្តហ្វារាហ៍។ អំពើហិង្សានេះបានកើតឡើង ក្រោយពួកឧទ្ទាមបានឡោមព័ទ្ធទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខរបស់ប៉ូលិស។
មន្ត្រីនៅក្នុងតំបន់ បានអះអាងប្រាប់ប្រភពស៊ីនហួ ផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា ហេតុការណ៍នេះបានកើតឡើង កាលពីយប់ ថ្ងៃទី២៧ ខែឧសភា ហើយប៉ូលិសយ៉ាងតិច៧នាក់ បានស្លាប់ ខណៈ៣នាក់ផ្សេងទៀតរងរបួស។ រីឯក្រុមឧទ្ទាមមិនទាន់ដឹងថា ស្លាប់ ឬរងរបួសប៉ុន្មាននោះទេ។
អ្នកនាំពាក្យស្នងការប៉ូលិសខេត្តហ្វារាហ៍ លោក មូហ៊ីប៊ុលឡោះ មូហីប បានបញ្ជាក់បន្ថែមថា ពិតជាមានការប៉ះទង្គិចកើតឡើង រវាងប៉ូលិស និងក្រុមឧទ្ទាម ពិតប្រាកដមែន ។
ប្រភពបញ្ជាក់ថា នេះជាការប៉ះទង្គិចទ្រង់ទ្រាយធំ មិនធ្លាប់កើតឡើង នៅអំឡុងឆ្នាំចុងក្រោយនេះ រវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងក្រុមឧទ្ទាម ។ ថ្មីៗនេះ គេបានប្រកាសឈប់បាញ់ រយ:ពេល៣ថ្ងៃ ដើម្បីផ្តល់បរិយាកាសសន្តិភាព សម្រាប់ប្រារព្ធពិធីបុណ្យ Eid al-Fitr ។
គួរបញ្ជាក់ថា អំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថានអូសបន្លាយ រយ:ពេលជិត២០ឆ្នាំមកហើយ ដោយឆក់យកជីវិតមនុស្ស និងរងរបួសរាប់ពាន់នាក់។ រដ្ឋាភិបាលលើកបន្តុប ដោយលោកខាងលិច រហូតមកទល់នឹងពេលនេះបានបន្តកម្ចាត់ និងបោសសម្អាតក្រុមតាលីបង់ ដែលធ្លាប់ដឹកនាំប្រទេសអាហ្វហ្គានីស្ថាន នៅមុនពេលត្រូវបណ្តេញចេញ ដោយកងកម្លាំងសម្ពន្ធមិត្តដឹកនាំ ដោយអាមេរិក ឆ្នាំ២០០១ ។
កិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រ ត្រូវបានធ្វើឡើង នៅថ្ងៃសៅរ៍ ទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងដូហា ប្រទេសកាតារ រវាងអាមេរិក និងក្រុមតាលីបង់ ដើម្បីឆ្ពោះទៅរកដំណើរសន្តិភាពពេញលេញ នៅលើអាហ្វហ្គានីស្ថាន ។ កិច្ចព្រមពៀងនោះ អាមេរិកព្រមសុខចិត្តដកទាហានបរទេសចេញ ជាថ្នូរនឹងការធានាសន្តិសុខពីក្រុមឧទ្ទាមតាលីបង់ នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ។
តាមរយៈការត្រួសត្រាយផ្លូវ ដើម្បីសន្តិភាពពិតប្រាកដ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានសម្រេចដោះដូរអ្នកទោសគ្នាជាមួយក្រុមតាលីបង់រាប់រយនាក់ជាបន្តបន្ទាប់ ។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ អំពើហិង្សានៅតែបន្តកើតមានជាហូរហែដែល៕ ប្រែសម្រួលដោយ៖ thach yat