កំណើនភ្ញៀវទេសចរណ៍ បានធ្វើឱ្យអាជ្ញាធរ ក្នុងតំបន់ទេសចរណ៍ព្រួយបារម្ភ ពីការកើតមានរលកទី២ នៃវិបត្តិកូវីដ១៩
ការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ បានក្លាយជាក្តីព្រួយបារម្ភមួយសម្រាប់អាជ្ញាធរ ក្នុងតំបន់ទេសចរណ៍ជាច្រើនកន្លែង ថាអាចនឹងកើតមានរលកទី២ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ តាមរយៈការចូលមកលេងកម្សាន្ត ពីមនុស្សក្រៅតំបន់។
ជាវិធានការ អាជ្ញាធរក្នុងតំបន់ទេសចរណ៍មួយចំនួន បានធ្វើការចុះផ្សព្វផ្សាយអប់រំ ណែនាំដល់ប្រជាពលរដ្ឋជាអ្នកលក់ដូរ អ្នកដឹកជញ្ជូនភ្ញៀវ អ្នកនាំភ្ញៀវ កន្លែងអាហារដ្ឋានជាដើមនេះ គឺត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីក្រោមឱវាទ បានចុះធ្វើការណែនាំដល់ OBT ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ និងពាក់ម៉ាស់ ហើយត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅ ភ្ញៀវទេសចរទាំងអស់ រួមទាំងការរក្សាគម្លាតពីគ្នា ឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល។
ការបង្កើនការប្រុងប្រយ័ត្នចំពោះភ្ញៀវទេសចរណ៍ គឺជារឿងចាំបាច់ណាស់ ព្រោះថាវិបត្តិកូវីដនៅតែបន្តកើត មាននៅលើពិភពលោក ត្បិតប្រទេសកម្ពុជាមិនសូវមានភាពតានតឹង ខ្លាំងជាងប្រទេសនានា នៅជុំវិញខ្លួន យ៉ាងណាក្តី ប៉ុន្តែការងើបឡើងវិញនូវវិស័យភ្ញៀវទេសចរណ៍ ក្នុងអំឡុងពេលនេះ គឺបានបង្ហាញឱ្យឃើញពីការចេញដើរ ធ្វើដំណើរកម្សាន្ត ពីតំបន់មួយទៅតំបន់មួយ ដូច្នេះករណីនេះ គឺជារឿងគួរឱ្យព្រួយបារម្ភ។
ស្របពេលជាមួយគ្នានេះ កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍មុនគេ នៃការវិលត្រលប់របស់ភ្ញៀវមកកម្សាន្តឡើងវិញ ក្រោយចប់វិបត្តិកូវីដ១៩។
លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ធ្លាប់បានទៅទស្សនកិច្ចដោយផ្ទាល់នៅតំបន់គោលដៅទេសចរណ៍នានា នៅប្រទេសកម្ពុជា។
លោកបន្តថា តំបន់ដែលស្ថិតនៅក្នុងក្ដីស្រមៃរបស់លោកលើកដំបូង គឺសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ខេត្តបាត់ដំបង ភូមិភាគឦសានជាដើម ដោយសារតំបន់ទាំងនោះ ស្រស់ស្អាតប្លែកភ្នែក និងមានភាពទាក់ទាញខ្ពស់ ដែលជាក្ដីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានឱ្យដឹងថា ក្នុងរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី៤-២៤ ខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរណ៍ ក្នុងប្រទេសចំនួន ៣៩៨,០៩៩នាក់ បានធ្វើដំណើកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩០,៩២២នាក់ និងភ្ញៀវបរទេសមានចំនួន ៧,១៧៧នាក់។
លោកបន្តថា ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តចំនួនសរុប ១៤១,៥៥៨នាក់ ប៉ុន្តែថយចុះប្រមាណ ៧% បើធៀបនឹងសប្ដាហ៍ទី២ នៃខែឧសភាដូចគ្នានេះ៕ ដោយ៖ ឃួន លក្ខិណា