ក្រោយការផ្ទុះឡើងរឿងរ៉ាវដ៏រន្ធត់ ជុំវិញករណីមនុស្សស្លាប់៣៩នាក់ នៅក្នុងរថយន្ដកុងតឺន័រក្លាស្សេ នៅក្នុងប្រទេសអង់គ្លេស កាលពីខែតុលា ឆ្នាំ២០១៩ រហូតមដល់ខែឧសភា នេះ ប៉ូលិសបារាំង និងប៊ែលហ្ស៊ិក បានចាប់ខ្លួនជនពាក់ព័ន្ធចំនួន២៦នាក់។
ការិយាល័យរដ្ឋអាជ្ញាបារាំង បានថ្លែង កាលពីថ្ងៃទី២៧ ខែឧសភា ថា ជនសង័្សយចំនួន២៦នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសបារាំង និងប៊ែលហ្ស៊ិក។ ពួកគេទាំងនេះ មានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ជនជាតិវៀតណាម ចំនួន៣៩នាក់ ត្រូវបានរកឃើញ នៅក្នុងរថយន្ដកុងតឺន័រក្លាស្សេ នៅតំបន់ Essex ជិតទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីខែតុលា ឆ្នាំ២០១៩។ ជាមួយគ្នានេះ រដ្ឋអាជ្ញាប៊ែលហ្ស៊ិក ក៏បានអះអាងថា ប៉ូលិសបានចាប់ខ្លួនជនសង័្សយចំនួន១៣នាក់ ពាក់ព័ន្ធនឹងករណីនេះផងដែរ។
យោងតាមឯកសាររបស់ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា លោក Eamonn Harrison ជាអ្នកបើករថយន្ដកុងតឺន័រក្លាស្សេ មកពីអៀរឡង់ដ៍ខាងជើង។ គាត់បានបើករថយន្ដកុងតឺន័រដឹកជនរងគ្រោះ (ជនជាតិវៀតណាម) ក្នុងគោលបំណងឆ្ពោះទៅកាន់តំបន់ Zeebrugge ប្រទេសប៊ែលហ្ស៊ិក។ ប៉ុន្ដែនៅពេលរថយន្ដទៅដល់ជិតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក៏ត្រូវបែកការ ហើយត្រូវប៉ូលិសឆែកឆេរឃើញជនរងគ្រោះស្លាប់នៅក្នុងរថយន្ដនោះ។
ក្រោយពេលមានហេតុការណ៍ដ៏រន្ធត់បែបនេះ ប៉ូលិសបានស្រាវជ្រាវ និងចាប់ខ្លួនជនសង័្សយជាបន្ដបន្ទាប់។ ករណីនេះ ត្រូវបានគេចាត់ទុកថា ជាការរត់ពន្ធមនុស្ស ចេញពីតំបន់នានា ឆ្ពោះទៅកាន់អឺរ៉ុបផងដែរ៕ ប្រែសម្រួល ដោយ Nuon