ភ្នំពេញ៖ លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ព្រមទាំងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្តេច។
តាមរយៈលិខិតប្រធានអង្គការសុខភាពពិភពលោក ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ឧសភា បានសរសេរថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក»។
«ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ ជាពិសេស សូមកោតសរសើរ ចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញ ការគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ» ។
បើតាមលោក Tedros Adhanom, អង្គការសុខភាពពិភពលោក នៅក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូធំៗនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយសារជំងឺកូវីដ១៩ រួមមួយនេះ ដែលយើងត្រូវរួមដៃគ្នា ក្នុងការប្រឆាំងនឹងការរីកសាយភាយនាពេលអនាគត។ ការចូលរួម និងសាមគ្គីភាពទាំងអស់គ្នា យើងនឹងទទួលបានជោគជ័យ៕ ប៊ុនធឿន