កូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហាក់បាននិងកំពុងឆ្លងថ្មីឡើងវិញ ។ ជាក់ស្តែងក្នុងមួយថ្ងៃប៉ុណ្ណោះ គេកត់ត្រាឃើញករណីថ្មីជាង៧០នាក់ ក្នុងនោះប្រភពខាងក្នុង មានច្រើនជាងប្រភពនាំមកពីខាងក្រៅ ។
កូរ៉េខាងត្បូង បានកត់ត្រាឃើញថា មានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៧៩ករណី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺកូរ៉េ បានបញ្ជាក់ថា នេះជាចំនួនឆ្លងច្រើនបំផុត ក្នុងមួយថ្ងៃ គិតចាប់តាំងពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ រហូតមកដល់ពេលបច្ចុប្បន្ន ។
ប្រភពបានបានបញ្ជាក់ថា ចំនួននេះគិតមកដល់ពាក់កណ្តាលយប់ថ្ងៃទី២៧ ខែឧសភា ។ ដូច្នេះ ប្រទេសនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ ១១ ៣៤៤ នាក់ ក្នុងនោះបាត់បង់ជីវិត ២៦៩ នាក់ ។
ប្រភពបញ្ជាក់ថា ក្នុងចំណោមករណីថ្មីទាំង៧៩នាក់នោះ ៦៨នាក់ គឺឆ្លងនៅក្នុងស្រុក ខណៈអាជ្ញាធរសុខាភិបាលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បញ្ជាក់ថា ករណីឆ្លងភាគច្រើននេះ មានការទាក់ទងទៅនឹងទីកន្លែងដឹកជញ្ជូនរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក ។
សូមជម្រាបថា ជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានឆ្លងលើមនុស្សជាង៥,៧លាននាក់ ក្នុងនោះ បាត់បង់ជីវិត ៣៥៧ ៤២៦ នាក់ ។ ប៉ុន្តែជាង ២,៤លាននាក់ បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat