David Luiz កីឡាករសក់សំពោងរបស់Brazil និងជាខ្សែការពារកណ្តាលរឹងមាំរបស់ ក្រុមកាំភ្លើងធំArsenal អាចនឹងចាកចេញពីក្លឹបដោយសារតែមិនមានការចរចារកុងត្រាថ្មីនៅឡើយ។
បើយោងតាមសារពត៌មានដ៏ល្បី Sky sports អតីតកីឡាករ Chelsea រូបនេះនឹងផុតកុងត្រានារដូវក្តៅខាងមុខនេះ ហើយហាក់គ្មានពត៌មានលេចលឺអំពីការបន្តកុងត្រា និងការចរចាផ្សេងៗក្នុងរយះពេលនេះនោះទេ។ នោះមានន័យថា David Luiz អាចនឹងចាកចេញដោយគ្មានតម្លៃខ្លួនពេលចប់រដូវកាលនេះ។
គួររម្លឹកបានដែរថា David Luiz គឺជាអតីតកីឡាករតោខៀវ Chelsea ហើយធ្លាប់បានចាកចេញទៅក្លឹបបារាំង PSG ហើយក៏បានត្រឡប់មក Chelsea វិញម្តងទៀត មុននឹងបន្តមកក្លឹប Arsenal រហូតដល់ពេលបច្ចុប្បន្ននេះ។