ភ្នំពេញ៖ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ។ នេះបើតាមហ្វេសប៊ុកសម្តេចហ៊ុនសែន នៅព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០នេះ។
សម្តេចនាយករដ្ឋមន្ត្រីលើកឡើងថា សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញ នៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។
មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ ដោយមានអ្នកស្លាប់ជាង៣០ម៉ឺននាក់ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី២នាក់ផងដែរ។
សម្តេចបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬជេលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស់ ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម៕ ដោយ៖ ប៊ុនធឿន