អាជ្ញាធរទីក្រុងមូស្គូ នឹងចាប់ផ្ដើមដកហូតច្បាប់រឹតបន្ដឹង ប្រឆាំងនឹងកូវីដ១៩ ចាប់ពីថ្ងៃទី១ ខែមិថុនា ហើយប្រជាពលរដ្ឋនឹងមានសិទ្ធិចេញទៅក្រៅផ្ទះ ដោយមិនចាំបាច់ដើរកាត់ច្រកពិនិត្យតាមប្រព័ន្ធឌីជីថលនោះឡើយ។
លោក Sergey Sobyanin អភិបាលក្រុងមូស្គូ បានថ្លែងតាមបណ្ដាញសង្គម Blog កាលពីថ្ងៃទី២៧ ខែឧសភា ថា អាជ្ញាធរទីក្រុងមូស្គូ នឹងចាប់ផ្ដើមដកច្បាប់រឹតបន្ដឹងដំណាក់កាលទី២ ដើម្បីទប់ស្កាត់កូវីដ១៩ នៅថ្ងៃទី១ ខែមិថុនា។ ចាប់ពីពេលនេះ យើងនឹងបើកឲ្យដំណើរការសេវាកម្មលក់រាយ និងឧស្សាហកម្មឡើងវិញ ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដើរលេងតាមឧទ្យានបាន។
លោកអភិបាលក្រុង បានបញ្ជាក់ថា អ្នករស់នៅក្នុងទីក្រុងមូស្គូ នឹងត្រូវអនុញ្ញាតឲ្យដើរចេញទៅក្រៅផ្ទះ ចាប់ពីថ្ងៃទី១ ខែមិថុនា ចំនួន៣លើក ក្នុងមួយសប្ដាហ៍។ ពួកគាត់អាចចេញទៅក្រៅផ្ទះ ចន្លោះពីម៉ោង៩ព្រឹក រហូតដល់៩យប់។
ទោះជាយ៉ាងណា លោកអភិបាលក្រុង បានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវដើរឲ្យមានគម្លាតពីគ្នាពេលចេញពីផ្ទះ ចម្ងាយ២ម៉ែត្រ។ ប៉ុន្ដែពួកគាត់មិនចាំបាច់ដើរកាត់ប្រព័ន្ធត្រួតពិនិត្យឌីជីថល ខណ:ចេញទៅហាត់ប្រាណ នៅខាងក្រៅផ្ទះនោះឡើយ៕វ ប្រែសម្រួល ដោយ Nuon