សភាតំណាងរាស្ត្រអនុម័តច្បាប់ដាក់ទណ្ឌកម្មមន្ត្រីចិន រំលោភសិទ្ធិមនុស្ស ឃុំខ្លួនជាជនជាតិ Uighur
សភាតំណាងរាស្ត្រ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានអនុម័តច្បាប់ដែលអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីចិន ចំពោះការឃុំឃាំង និងការធ្វើទារុណកម្មលើជនជាតិអ៊ិស្លាម Uighur នៅតំបន់ស៊ីនជាំង ដែលជាទឹកដីស្វយ័ត ស្ថិតនៅភាគពាយព្យ នៃប្រទេសចិន ។
បើតាមការផ្សាយរបស់ប្រភព Sputink នៅថ្ងៃទី២៨ ខែឧសភា បញ្ជាក់ថា សភាតំណាងរាស្ត្របានអនុម័តយល់ព្រមលើសំឡេង៤១៣ ទល់នឹង១សំឡេងជំទាស់ ក្រោយពីច្បាប់នេះបានឆ្លងកាត់ពីព្រឹទ្ធសភារួចហើយ កាលពីដើមខែឧសភា ឆ្នាំ២០២០ ។ ច្បាប់នេះ បាននិងកំពុងបញ្ជូនទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ ថាតើលោកនឹងចុះហត្ថលេខាដើម្បីឲ្យក្លាយទៅជាច្បាប់ពេញលេញភ្លាមៗនេះនៅឡើយដែរ។
ស្ថិតនៅក្រោមច្បាប់ដែលសភាតំណាងរាស្ត្រអនុម័ត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកដូណាល់ ត្រាំ មានរយៈពេល១៨០ថ្ងៃ ដើម្បីចងក្រងបញ្ជីឈ្មោះមន្ត្រីចិនដែលរំលោភបំពានសិទ្ធិមនុស្ស ។ មន្ត្រីទាំងនោះនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មពីអាមេរិក ។ នេះបើតាមការផ្សាយរបស់ប្រភព CNBC ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានថ្កោលទោសចិនពីការរំលោភបំពានសិទ្ធិមនុស្សប្រហែល១៣លាននាក់ ដែលជាជនមូស្លីមតួកគី ក្នុងនោះមានជនជាតិដើមភាគតិច Uighurs និងជនជាតិដើម Kazakhs ដែលស្ថិតនៅតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ផងដែរ។
គួរបញ្ជាក់ថា ច្បាប់នេះបានកើតឡើង ខណៈទំនាក់ទំនង រវាងអាមេរិក-ចិន កាន់តែតានតឹងដាក់គ្នា។ កាលពីព្រឹក ថ្ងៃទី២៧ ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានថ្លែងថា សហរដ្ឋអាមេរិកលែងចាត់ទុកហុងកុងថា ជាតំបន់ស្វយ័តពីប្រទេសចិន ដែលនៅសេសសល់នោះ។
ការកត់សម្គាល់របស់លោក Pompeo បានធ្វើឡើង បន្ទាប់ពីគណបក្សកុម្មុយនីស្តចិន ដែលបានគ្រប់គ្រងប្រទេស កាលពីថ្មីៗនេះបានស្នើអនុម័តច្បាប់ស្តីអំពីសន្តិសុខជាតិ ដោយហាមឃាត់ “ សកម្មភាពបំបែកខ្លួន, សកម្មភាពបំបែកបំបាក់ និងភេរវករ” រួមជាមួយគ្រប់ទម្រង់ទាំងអស់ អំពីការជ្រៀតជ្រែកពីបរទេស នៅលើទឹកដីហុងកុង ។
ច្បាប់ថ្មីនេះបានបង្កឱ្យមានបាតុកម្មតវ៉ាជាថ្មី នៅក្នុងទីក្រុងហុងកុង ដោយមានមនុស្សមួយចំនួនបានបង្ហាញការភ័យខ្លាចថា ច្បាប់នេះនឹងរឹតត្បិតសេរីភាព នៅក្នុងតំបន់រដ្ឋបាលហុងកុង ៕ ប្រែសម្រួលដោយ៖ thach yat