នេះគឺជាការពន្យារពេលជាប្រវត្តិសាស្ត្រ ខណៈដែលពេលវេលាកំណត់ ត្រូវបាញ់បង្ហោះកន្សោមយាន នាំយកអវកាសយានិកពីទឹកដីអាមេរិកទៅកាន់ស្ថានីយអវកាសអន្តរជាតិនោះ ស្រាប់តែមានខ្យល់ព្យុះវាយប្រហារនៅក្នុងរដ្ឋ Florida តែម្តង ។ អាកាសធាតុមិនអំណោយផលនេះ នាំឲ្យអាក់ខានការបាញ់បង្ហោះយាន Dragon តាមរយៈរ៉ុក្កែត Falcon 9 របស់ SpaceX ។
រ៉ុក្កែតរបស់ SpaceX មួយគ្រាប់ មានគម្រោងបាញ់នាំយកយាន Dragon នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅក្នុងរដ្ឋ Florida ។ ទោះយ៉ាងណា ការបាញ់បង្ហោះនេះ ត្រូវពន្យារពេល ដោយសារតែស្ថានភាពអាកាសធាតុ ខ្យល់ព្យុះនៅក្នុងរដ្ឋ Florida ។
យាន Dragon ជាយានដឹកជញ្ជូនដែលអាចប្រើប្រាស់បានឡើងវិញ ផលិតដោយក្រុមហ៊ុន SpaceX នោះ នឹងនាំយកអវកាសយានិកពីររូប ឈ្មោះ Doug Hurley និង Bob Behnken ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ។ ការបាញ់បង្ហោះនេះ គឺជាលើកដំបូងហើយក្នុងរយៈពេល៩ឆ្នាំបន្ទាប់ពីបេសកកម្មបែបនេះកាលពីគ្រាមុនក៏ធ្វើឡើងពីក្នុងរដ្ឋ Florida ផងដែរ ។
លោក Kathy Lueders នាយកកម្មវិធីនាវិកពាណិជ្ជកម្មរបស់អង្គការណាសា បានថ្លែងថា បញ្ហាអាកាសធាតុ គឺជាកត្តាតែមួយគត់ ដែលអាចនាំឲ្យមានការពន្យារពេលនេះ ។ លោក Lueders បានប្រាប់សារព័ត៌មាន APថា “ឥឡូវនេះ រឿងតែមួយគត់ដែលយើងត្រូវធ្វើ គឺឈ្វេងយល់ពីវិធីគ្រប់គ្រងអាកាសធាតុ” ។ យើងកំពុងបន្តការប្រុងប្រយ័ត្ន និងធ្វើឲ្យប្រាកដថា យើងធ្វើវាបានត្រឹមត្រូវ” ។
គេហទំព័រ Weather.com បានផ្សាយថា នៅពេលនេះ ខ្យល់ព្យុះផ្គររន្ទះប្រហែល៦០ភាគរយ បាននិងកំពុងកើតឡើង នៅមជ្ឈមណ្ឌលអវកាស Kennedy នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។ ខ្យល់បក់ខ្លាំងបែបនេះ អាចជះឥទ្ធិពលដល់ការបាញ់បង្ហោះយាន Dragon នាំយកអវកាសយានិកទៅកាន់ស្ថានីយអវកាសអន្តរជាតិនោះផងដែរ ។
លោក Hans Koenigsmann អនុប្រធានក្រុមហ៊ុន SpaceX បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ក្រុមត្រួតពិនិត្យការបាញ់បង្ហោះ នឹងវាយតំលៃទៅលើលំនាំ និងគំរូអាកាសធាតុសកល ដើម្បីសម្រេចថា តើវាដំណើរការដោយសុវត្ថិភាព ឬអត់ ។
ស្ថានភាពអាកាសធាតុ នៅតាមបណ្តោយឆ្នេរភាគខាងកើត នៃសហរដ្ឋអាមេរិក និងកាណាដា និងនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិច គួរតែមានលក្ខណៈគ្រប់គ្រាន់ ក្នុងករណីដែលប្រព័ន្ធជម្លៀសបន្ទាន់ នៃកន្សោមយន្ត ត្រូវបានធ្វើឱ្យសកម្ម បន្ទាប់ពីបើកដំណើរការនោះ ។
ក្រុមហ៊ុន SpaceX ក៏នឹងធានាថា យ៉ាងហោចណាស់នាវាសង្គ្រោះចំនួនពីរគ្រឿង ត្រូវបានដាក់ពង្រាយ នៅរដ្ឋ Florida ។ យន្តហោះដែលកំពុងស្ថិតនៅទីក្រុងញូវយ៉ក និង អង់គ្លេស ក៏នឹងត្រៀមខ្លួន ដើម្បីជួយសង្គ្រោះផងដែរ ។
ប្រភពថា បើស្ថានភាពអាកាសធាតុអំណោយផលនោះ ការបាញ់បង្ហោះកន្សោមយាន Dragon នេះ ចាប់ផ្តើមនៅវេលាម៉ោង៤ និង៣៣នាទីរសៀល (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៧ ខែឧសភា ។ ប៉ុន្តែបើអាកាសធាតុប្រែប្រួល ការបាញ់បង្ហោះយន្តនេះ ប្រហែលត្រូវលើកពេល បើមិននៅថ្ងៃទី២៩ ទេ ក៏នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះដែរ៕ ប្រែសម្រួលដោយ៖ thach yat