ប្រិយមិត្ត Anarchak ប្រាកដជាដឹងហើយថាប្រទេសចិនត្រូវបានចាត់ទុកជាមហាយក្សមួយរបស់តំបន់ និងពិភពលោកដោយសារតែចំនួនប្រជាជនច្រើនលើសលុបដាច់គេ សេដ្ឋកិច្ចដ៏ធំនិងសកម្មខ្លាំង និងអំណាចយោធា ក៏ដូចជានយោបាយដ៏មានឥទ្ធិពល។
ថ្ងៃនេះយើងសូមបង្ហាញជូនប្រិយមិត្តនូវចំណុច ៨ ប្លែកៗទាក់ទងប្រទេសនៅអាស៊ីបូព៌ាមួយនេះ៖
១. ថ្ងៃឈប់សម្រាកឬបុណ្យជាតិមិនមែនជាថ្ងៃល្អសម្រាប់ទេសចរបរទេសឡើយ៖
ថ្ងៃឈប់សម្រាកឬបុណ្យជាតិរបស់ប្រទេសចិនជាថ្ងៃដែលមានសភាពតែនតាប់កកស្ទះខ្លាំងបំផុតលើដងផ្លូវ។ ទេសចរបរទេសទាំងឡាយគួរពិចារណាកុំទៅក្នុងអំឡុងពេលនោះអីបើមិនចាំបាច់។ ដូចនេះកុំភ្លេចឆែកមើលឱ្យបានច្បាស់ឬសាកសួរភ្នាក់ងារទេសចរណ៍ពីពត៌មានទាក់ទងនឹងបុណ្យជាតិរបស់ចិន។
២. សំបុត្ររថភ្លើងមានការដណ្ដើមគ្នាទិញដូចព្យុះ៖
ជាទូទៅការកុម្ម៉ុងទិញសំបុត្ររថភ្លើងនៅចិនមានភាពមមាញឹកខ្លាំងណាស់។ ហេតុនេះភ្ញៀវទេសចរ ឬអ្នកដំណើរក្នុងស្រុកក្ដីត្រូវការកុម្ម៉ុងទិញសំបុត្រទុកមុនលឿនតាមដែលអាចទៅបានបើត្រូវធ្វើដំណើរលើរថភ្លើងផ្លូវឆ្ងាយ ហើយអ្នកខ្លះទិញមុនដល់ទៅមួយខែដើម្បីធានាបានកៅអី និងកន្លែងស្រួលអង្គុយ។
៣. នៅចិនពុំមានវប្បធម៌ឱ្យប្រាក់ធីបឡើយ៖
បើសិនជាអ្នកទៅកម្សាន្ដលេងនៅប្រទេសចិនសូមប្រយ័ត្នត្រង់ចំណុចនេះ។ មិនថានៅលើតាក់ស៊ី នៅក្នងភោជនីយដ្ឋាន ឬនៅតាមសណ្ឋាគារក្ដី ការឱ្យលុយធីប ឬលុយទឹកតែ មិនត្រូវបានគេទទួលឡើយហើយក៏អាចត្រូវបានគេចាត់ទុកថាជារឿងមិនសមរម្យផងដែរ។ បើទោះអ្នកព្យាយាមច្រើនជាង ពីរ បីដងក្ដី ក៏គេកម្រនឹងទទួលណាស់។
៤. នរណាបបួលញ៉ាំបាយ អ្នកនោះត្រូវចេញលុយ៖
នៅចិនបើមាននរណាហៅអ្នកញ៉ាំបាយ អ្នកអាចទៅបានដោយមិនចាំបាច់មានប្រាក់មួយសេនក្នុងខ្លួន។ តែបើអ្នកហៅគេ ក៏ត្រូវប្រាកដថាមានលុយគ្រប់គ្រាន់សម្រាប់ប៉ាវគេផងដែរ។ នេះអាចចាត់ទុកជាវប្បធម៌ប្រចាំថ្ងៃមួយទៅហើយ។
៥. ភាសាអង់គ្លេសមិនពេញនិយមទេនៅចិន៖
នៅចិនការប្រើភាសាអង់គ្លេសមិនទាន់ទូលំទូលាយខ្លាំងទេ ហើយពេលខ្លះនៅសណ្ឋាគារក៏មិនប្រាកដមានអ្នកចេះនិយាយភាសសាអង់គ្លេសដែរ។ ហើយពេលខ្លះអ្នកនិយាយមិនចំតុងដូចជនជាតិចិននិយាយពួកគេក៏មិនយល់អ្នកដែរ។ ហើយបើពួកគេចេះនិយាយក៏ពួកគេនិយាយបែបតុងចិនពិបាកស្ដាប់។
៦. ហ្វេសប៊ុក (Facebook) ត្រូវបានហាមឃាត់៖
អ្នកមិនអាចប្រើ Facebook ដោយស្របច្បាប់បានឡើយ គឺនៅទីនេះគេមានបណ្ដាញសង្គម Weibo បង្កើតដោយរដ្ឋាភិបាល។ លើសពីនេះ សូម្បី Google, Gmail, Google Maps និង YouTube ក៏ត្រូវបានបិទដែរ។
៧. សណ្ឋាគារខ្លះសម្រាប់តែជនជាតិចិនប៉ុណ្ណោះ៖
បើអ្នកជាជនបរទេស ពេលស្វែងរកសណ្ឋាគារគួរឆែកមុនថា សណ្ឋាគារបើកបម្រើសម្រាប់តែជនជាតិចិន ឬក៏សម្រាប់ជនបរទេសដែរ។
៨. ទឹកក្ដៅអាចរកបានស្ទើរគ្រប់កន្លែង៖
មិនថានៅតាមស្ថានីយ៍រថភ្លើង សួនច្បារ ព្រលានយន្ដហោះ អ្នកអាចស្វែងរកទឹកក្ដៅឆុងតែ និងមីបានជានិច្ច។
យ៉ាងម៉េចដែរប្រិយមិត្ត? ចំណុចណាខ្លះដែលប្លែកសម្រាប់លោកអ្នក? សង្ឃឹមថាអត្ថបទនេះអាចជាប្រយោជន៍សម្រាប់លោកអ្នកដែលចង់ធ្វើដំណើរទៅប្រទេសចិន៕